ក្រសួងសុខាភិបាលហាមឃាត់ការផ្សព្វផ្សាយលក់Chloramine B ដែលគ្មានបញ្ជីការនិងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល

វិទ្យុជាតិកម្ពុជា៖ស្រីផល 25,03,2020៖

ក្រសួងសុខាភិបាល ធ្វើការហាមឃាត់ការផ្សព្វផ្សាយលក់Chloramine B លើម្ចាស់គណនីហ្វេសបុកឈ្មោះ Eva Cambodia ដែលគ្មានបញ្ជីការ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ព្រមទាំង បានផ្សព្វផ្សាយថា ជាថ្នាំសំលាប់មេរោគកូវីត១៩។
យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា អនុលោមតាមច្បាប់ស្ដីពីការគ្រប់គ្រងឱសថ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងឱសថ តម្រូវគ្រប់ផលិតផលឱសថទាំងអស់ ត្រូវចុះបញ្ជីការពីក្រសួងសុខាភិបាល និងរាល់ការនាំចូលនូវផលិតផលទាំងនេះ ត្រូវមានការអនុញ្ញាតឲ្យនាំចូលពីក្រសួងសុខាភិបាល ហើយការផ្សព្វផ្សាយឱសថ និងផលិតផលដែលមានគុណភាពភាព ក្នុងការបង្ការ ឬព្យាបាលជំងឺ ត្រូវមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលផងដែរ ដើម្បីឲ្យក្រសួងសុខាភិបាល មានលទ្ធភាពពិនិត្យពីខ្លឹមសារផ្សព្វផ្សាយជាមុន ឲ្យស្របតាមលក្ខណៈវិទ្យាសាស្ត្រ។
ក្រសួងសូមជម្រាបជូនដល់ប្រជាពលរដ្ឋទាំងអស់ថា Chloramine B ដែលផ្សព្វផ្សាយលក់តាមគណនីហ្វេសបុកឈ្មោះ Eva Cambodia ពុំអាចធានាបាននូវគុណភាព និងសុវត្ថិភាពឡើយហើយពុំទាន់មានការទទួលស្គាល់ ពីស្ថាប័នមានសមត្ថកិច្ចណាមួយថា សារធាតុនេះប្រើជាថ្នាំសម្រាប់សម្លាប់មេរោគកូវីត១៩នៅឡើយទេ។
ក្រសួងសុខាភិបាល តម្រូវឲ្យម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ Eva Cambodia ត្រូវបញ្ឈប់ការផ្សព្វផ្សាយនាំចូល និងចែកចាយផលិតផល Chloramine B គ្មានលេខបញ្ជីកាខាងលើជាបន្ទាន់ ។ក្រសួងសុខាភិបាល និងសហការជាមួយស្ថាប័នមានសមត្ថកិច្ចផ្សេងទៀត ដើម្បីចាត់វិធានការតឹងរឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនេយ្យឈ្មោះ Eva Cambodia ដែលបានផ្សព្វផ្សាយលក់ Chloramine B គ្មានលេខបញ្ជីការ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលនេះ។