ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា កម្ពុជា ទទួលបានថវិកាជាង៨លានដុល្លារ ពីសប្បុរសជននានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត១៩

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២៥.មីនា.២០២០៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា កម្ពុជា ទទួលបានថវិកាជាង៨លានដុល្លារ ពីសប្បុរសជននានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត១៩។
ក្នុងពិធីជួបសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណ៤២២នាក់ នៅវិមាន សន្តិភាព ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ថវិកាជាង៨លានដុល្លារ ដែលកម្ពុជាទទួលបានដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត១៩នេះ គឺសុទ្ធតែជាសប្បុរសជន ខ្មែរយើងផ្ទាល់ដែលនេះបង្ហាញឲ្យឃើញពីទឹកចិត្តដែលខ្មែរចេះស្រឡាញ់គ្នា។ក្នុងឱកាសនោះដែរ សម្ដេចក៏បានថ្លែងអំណរគុណ ចំពោះ ព្រះមហាក្សត្រក៏ដូចជាសម្ដេចម៉ែជាទីសក្ការៈ និងសប្បុរសជននានា ដែលបានបរិចាកវថវិកា ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩។
« សូមអរគុណជាមួយនឹងការអរគុណចំពោះព្រះករុណាព្រះមហាក្សត្រក៏ដូចជាសម្ដេចម៉ែជាទីសក្ការៈ អរគុណចំពោះសប្បុរសជននានាដែលបានចូលរួមមិនថាច្រើនមិនថាតិច មិនថាតិចមិនថាច្រើន នេះបង្ហាញពីទឹកចិត្តដែលខ្មែរចេះស្រឡាញ់គ្នា។ ថវិកាយើងប៉ុណ្ណេះគ្រាន់តែពលរដ្ឋរបស់យើងចំនួនទឹកប្រាក់ជាង៨លានដុល្លារ ដែលចូលតែប៉ុន្មានថ្ងៃទេ។ ហើយយើងនឹងបន្តទទួល ដោយសារជំងឺនេះវាមិនទាន់ស្ងប់ទេ។ ហើយយើងក៏មិនទាន់ប្រើប្រាស់នូវថវិកានេះនៅឡើយដែរ តែយើងត្រូវរៀបចំ នូវថវិកាហើយបើសិនជាថវិកានេះ វានៅសល់ បន្ទាប់ជំងឺនេះបែរជាស្ងាត់ទៅវិញថវិកានៅសល់ គោលដៅរបស់ខ្ញុំបង្វែរទៅមូលនិធិគន្ធបុប្ផាទៅវិញ។ បើសិនជាសល់ យើងត្រូវប្រើអាហ្នឹង ទៅគន្ធបុប្ផាហើយយើងបន្តការចំណាយចរន្តទៅលើវិស័យសុខាភិបាលដែលមិនមែនជាកូវីត១៩។ ប៉ុន្តែឥឡូវនេះគឺចូលមកសំដៅទៅវីត។ កូវីត១៩មិនទាន់ចប់ ថវិកានេះត្រូវតែរក្សាទុកនិងប្រើប្រាស់នៅក្នុងសកម្មភាពប្រឆាំងនឹងកូវីត១៩»។
សូមបញ្ជាក់ថា ចំពោះសប្បុរសជនដែលមានបំណងចង់ចូលរួមឧបត្ថម្ភថវិកាសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ១៩នៅកម្ពុជា អាចញ្ជើញមកកាន់ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី នៅការិយាល័យ ឯកឧត្តម សេង ទៀង អគារថ្មីជាប់ផ្លូវកម្ពុជាក្រោម ជិតផ្សារស៊ីដនីចាស់ បន្ទប់លេខ៧០៨ ជាន់ទី៧ នៃទីស្តីការគណៈរដ្ឋមន្ត្រី ឬទំនាក់ទំនងតាម Telegram 097 777 5569 និង ABA 001249176៕