ក្រសួងសុខាភិបាលប្រកាសថារាល់ឧបករណ៍វិភាគរកមេរោគកូវីដ១៩ ដែលកំពុងដាក់លក់នៅតាមអនឡាញគឺជាផលិតផលក្លែងក្លាយ

វិទ្យុជាតិកម្ពុជា អត្ថបទ វ៉ែន សុវុទ្ធី ៖ ប្រភពពីAKP

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានអះអាងថារាល់ឧបករណ៍ដើម្បីវិភាគរកមេរោគកូវីដ១៩ដែលកំពុង ផ្សព្វផ្សាយលក់នៅលើបណ្តាញសង្គម ឬគណនីណាមួយនោះ គឺជាផលិតផលក្លែងក្លាយ ហើយសូមប្រពលរដ្ឋទំាង អស់កំជឿងលើព័ត៌មានទំាងនេះ។
លោកជំទាវវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា ការដែលលក់សម្ភារបរិក្ខាពេទ្យទាំងអស់ គឺត្រូវតែឆ្លងកាត់មកក្រសួងសុខាភិបាលជាមុនសិន ជាពិសេសនោះគឺក្រុមហ៊ុនដែលនាំចូល ត្រូវតែចុះបញ្ជីការជាមួយនឹងក្រសួងសុខាភិបាលជាមុនសិន។
ពាក់ព័ន្ធនឹងការធ្វើតេស្តរកមេរោគកូវីដ១៩វិញ គឺក្រសួងសុខាភិបាលកម្ពុជា បានសម្រេចរួចហើយ គឺទី១ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងទី២គឺវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ គឺជាទីតាំងតែពីរគត់នៅកម្ពុជា ដែលទទួលការធ្វើតេស្តវិភាគនូវសំណាកផ្សេងៗ ដែលត្រូវបានបញ្ជូនមកពីបណ្តាមន្ទីរពេទ្យឬក៏ក្រុមគ្រូពេទ្យដែលគាត់បានចុះទៅស្រាវជ្រាវពីបងប្អូនប្រជាពលរដ្ឋយើងក្នុងពេលដែលមានករណីសង្ស័យណាមួយ ដើម្បីរកមេរោគកូវីដ១៩។
លោកជំទាវបានបញ្ជាក់បន្ថែមថា ចំពោះករណីបងប្អូនប្រជាពលរដ្ឋ ឬក៏អ្នកលក់ដូរតាមអនឡាញមួយចំនួន ដែលផ្សព្វផ្សាយលក់បរិក្ខាពេទ្យ ឬសម្ភារផ្សេងៗ ក៏ដូចជាឧបករណ៍វិភាគរកមេរោគកូវីដ១៩នេះ គឺជាព័ត៌មានមិនពិត ហើយអ្នកទាំងនេះនឹងប្រឈមមុខនឹងផ្លូវច្បាប់ជាធរមាន ព្រោះពុំទាន់មានព័ត៌មានណាមួយបញ្ជាក់ថាមានម៉ាស៊ីន វត្ថុ ឬឧបករណ៍ណាមួយ សម្រាប់ធ្វើវិភាគនោះឡើយក្រៅតែពីការវិភាគតែមួយគត់ដែលត្រូវបានទទួលស្គាល់ជាផ្លូវការពីអង្គការសុខភាពពិភពលោក គឺមន្ទីរពិសោធន៍ នៃវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ និងមន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
លោកជំទាវវេជ្ជបណ្ឌិត បានអំពាវនាវឱ្យប្រជាពលរដ្ឋមេត្តាកុំចាញ់បោកការលក់ដូរទាំងនេះ ហើយទិញសម្ភារ ឬឧបករណ៍ទាំងឡាយនេះយកទៅប្រើប្រាស់ ព្រោះនឹងនាំឱ្យខាតបង់ថវិកា និងប៉ះពាល់សុខភាពខ្លួនឯងផង៕