ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បួង អំពាវនាវដល់ពលរដ្ឋខ្មែរ អនុវត្តការណែនាំពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ឲ្យមានប្រសិទ្ធិភាព

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ២៥ ០៣ ២០២០ ៖

ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង អំពាវនាវដល់ពលរដ្ឋខ្មែរ អនុវត្តការណែនាំពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ឲ្យមានប្រសិទ្ធិភាព ដើម្បីចូលរួមការការពារពីការរាតត្បាតនៃជំងឺរលាកផ្លូវដើមង្ហើមប្រភេទថ្មីនេះ។
តាមសេចក្ដីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ដែលវិទ្យុជាតិកម្ពុជាទទួលបាននៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០នេះបានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមជម្រាបជូនដំណឹងដល់ប្រជាបលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េទាំងអស់ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នេះ អាជ្ញាធរមានសម្ថកិច្ចរបស់កូរ៉េបានដាក់ចេញនូវវិធានការណ៍ ក្នុងការរក្សាចម្ងាយដែលហៅថាយុទ្ធនាការណ៍ Socil Distancing ដូចជា ១ ពន្យាពេល ឬក៏លុបចោលការរៀបចំពិធីជួបជុំនានា ឬការចូលរួមកម្មវិធីផ្សេងៗ ការជួបជុំដែលមានទ្រង់ទ្រាយធំដូចជា កម្មវិធីជាតិជាដើម។ ២ ស្នើឲ្យមានការចូលរួមជំរុញបរិស្ថានស្អាតនៅតាមទីសាធារណៈនានា និងស្នើឲ្យរក្សាចម្ងាយរវាងគ្នា ឲ្យបានត្រឹមត្រូវ យ៉ាងតិចចម្ងាយ១ ម៉ែត្រ និងពាក់ម៉ាសឲ្យបានជាប់លាប់ ព្រមទាំងលាងសំអាតដៃជាមួយសាប៊ូ ឬទឹកលាងសម្អាតដៃឲ្យបានញឹកញាប់ និង ៣ ចូលរួមអនុវត្ត និងបន្ដផ្សព្វផ្សាយយុទ្ធនាការរក្សាចម្ងាយ ឲ្យបានទូលំទូលាយ។
សេចក្ដីជូនដំណឹងដដែលបន្ដថា អាជ្ញាធរកូរ៉េ ក៏និងជូនដំណឹងអំពីវឌ្ឍនភាពនៃស្ថានភាពជំងឺ កូវីដ១៩ នៅសាធារណៈកូរ៉េ តាមរយៈគេហទំព័រមួយចំនួនរួមមាន មជ្ឍមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង ក្រសួងសុខាភិបាល និងសុខុមាភាព ក្រសួងការងារ ក្រសួងអប់រំ ក្រសួងសមភាពយេនឌ័រ និងគ្រួសារ ក្រសួងមហាផ្ទៃ និងសុវត្ថិភាព និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។