ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសត្រៀមបន្ទប់ជាង៣ពាន់ នៅទូទាំងប្រទេសសម្រាប់ពិនិត្យ និងព្យាបាល ជំងឺកូវីដ១៩

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា
MC៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសត្រៀមបន្ទប់ជាង៣ពាន់ នៅទូទាំងប្រទេសសម្រាប់ពិនិត្យ និងព្យាបាល ជំងឺកូវីដ១៩ ករណីមានអ្នកឆ្លងជំងឺនេះមានការកើនឡើង។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជធានី-ខេត្តទាំង២៥ គឺបានត្រៀមជាស្រេចក្នុងការទប់ស្កាត់នៃការរីករាលដាលនៃវិរុសកូវិដ១៩។សម្តេចតេជោ បន្ថែមថា នៅទូទាំងប្រទេសគឺកម្ពុជា បានត្រៀម សណ្ឋាគារ សាលារៀន និងមន្ទីរពេទ្យមួយចំនួនជាង៣ពាន់បន្ទប់ ដើម្បីធ្វើជាកន្លែងសម្រាប់ពិនិត្យ និងព្យាបាលជំងឺកូវីដ១៩ ក្នុងករណីមានអ្នកឆ្លងជំងឺនេះមានការកើនឡើង។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តចំនួន៤២២នាក់នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នេះសម្តេច បានបញ្ជាក់ថា សំរាប់នៅរាជធានីភ្នំពេញគឺបានត្រៀមចំនួន៤ទីតាំងធំៗ ក្នុងនោះអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ ម្ចាស់សណ្ឋាគារនោះ មិនគិតថ្លៃជួលពីរដ្ឋនោះទេ។ដោយឡែកសណ្ឋាគារនៅតាមខេត្តនានាគឺរាជរដ្ឋាភិបាលជួលពីម្ចាស់សណ្ឋាគារទាំងនោះ សម្រាប់ត្រៀមដាក់អ្នកជំងឺ ដើម្បីឲ្យយុទ្ធនាការប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ កាន់តែមានប្រសិទ្ធភាពខ្ពស់។
សំលេង«ឥលូវសរុបទូទាំងប្រទេសនិងនៅទីក្រុងភ្នំពេញចំនួនបន្ទប់មានជាង៣ពាន់បន្ទប់ ដោយឡែកនៅទីក្រុងភ្នំពេញសណ្ឋាគារអាំងទែកុងទីណង់តាល់ បានក្លាយទៅជាមន្ទីរពេទ្យព្យាបាលជំងឺកូវីត១៩និងបម្រុងឧបក្ខាពេទ្យសម្រាប់ព្យាបាល។ ហើយនៅរាជធានីភ្នំពេញមានចំនួន៤ទីតាំងធំៗទីតាំងទី១ដែលកំពុងព្យាបាលបច្ចុប្បន្ននេះមន្ទីរពេទ្យខ្មែរសូវៀត ទីតាំងទី២នៅចាក់អង្រែ ទីតាំងទី៣ ពេទ្យយោធានៅមិនទាន់ប្រើនៅឡើយទេ ទីតាំងទី៤សណ្ឋាគារអាំងទែកុងទីណង់តាល់ សម្រាប់អ្នកជំងឺកូវីត១៩។ចំណែកនៅតាមខេត្តនានានៅតាមសណ្ឋាគារដែលអាចធ្វើទៅបានយើងជួយដោះស្រាយដែលអាចទៅរួចនៅបញ្ហាទាំងនោះដែរ ហើយអាជីវកម្មរបស់ពួកគេមិនខានបង់នោះទេដោយសារយើងជួយជួលគេមកវិញ ។ប៉ុន្តែម្ចាស់សណ្ឋាគារអាំងទែកុងទីណង់តាល់ មិនបានទាមទារយកប្រាក់សំណងនោះទេ គឺផ្តល់ឲ្យរដ្ឋប្រើប្រាស់រដ្ឋជួយចេញថ្លៃទឹកនិងអគ្គសនីតែប៉ុណ្ណោះ នេះជាសម្បុរសធម៌នៅក្នុងប្រទេសយើង »។