ឥណ្ឌាបិទប្រទេសទាំងមូល៣សប្តាហ៍ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា បានប្រកាសបិទប្រទេសឥណ្ឌាទាំងមូលរយៈពេល ៣ សប្តាហ៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ COVID-19។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia។
បើតាមសន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌាបានឲ្យដឹងថា រដ្ឋាភិបាលនឹងបិទប្រទេសទាំងមូលដែលមានប្រជាជនជាង ១.៣ពាន់លាននាក់ រយៈពេល២១ថ្ងៃ ប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19 ដោយវិធានការដាក់ប្រទេសក្នុងភាពអាសន្ននេះបានអនុវត្តកាលពីយប់ថ្ងៃអង្គារម្សិលមិញមក ខណៈក្រុមអ្នកស្រាវជ្រាវផ្នែកសុខភាពបានព្រមានថា ប្រជាជនឥណ្ឌាជាងមួយលាននាក់អាចនឹងឆ្លងវីរុសរាតត្បាតសកលនេះ នៅពាក់កណ្តាលខែឧសភាដែលជំរុញឱ្យរដ្ឋាភិបាលទីក្រុងញូដេលី បិទផ្លូវអាកាស ការធ្វើដំណើរ អាជីវកម្ម និងសាលារៀនទាំងអស់។
សូមបញ្ជាក់ថា មកទល់នឹងពេលនេះប្រទេសឥណ្ឌាមានករណីឆ្លងជំងឺ COVID-19 សរុបទូទាំងប្រទេសចំនួន ៥៦២ ករណី ស្លាប់ ១១នាក់ ខណៈ ៤០នាក់បានជាសះស្បើយ៕
ប្រភព៖សារព័ត៌មាន Channel News Asia