ចំនួនមនុស្សស្លាប់ដោយជំងឺ COVID-19 នៅបារាំងកើនឡើដល់ ១,១០០នាក់

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
ប្រទេសបារាំងបានរាយការណ៍ថា មានអ្នកជំងឺ COVID-19 ចំនួន ២៤០ នាក់បន្ថែមទៀតបានបាត់បង់ជីវិត ធ្វើឲ្យចំនួនអ្នកស្លាប់ទូទាំងប្រទេសកើនឡើងដល់ ១,១០០នាក់។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃ ទី ២៥ ខែ មីនា ឆ្នាំ ២០២០។
លោក ជេរ៉ូមេ សាឡូម៉ុន (Jerome Salomon) មន្ត្រីជាន់ខ្ពស់សុខាភិបាលបារាំងបានបញ្ជាក់ថា មកទល់នឹងពេលនេះចំនួនករណីឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនឡើងដល់ ២២,៣០០ករណី ដោយក្នុងនោះអ្នកជំងឺ ១០,១៧៦នាក់កំពុងសម្រាកទទួលការព្យាបាលនៅមន្ទីរពេទ្យ ហើយអ្នកជំងឺ ២,៥១៦នាក់នៅក្នុងចំណោមនោះទៀកំពុងស្ថិតក្នុងការសង្រ្គោះនិងមើលថែយ៉ាងយកចិត្តទុកដាក់។
សូមបញ្ជាក់ថា ចំនួនអ្នកជំងឺស្លាប់ដោយ COVID-19 សរុបទាំង ១,១០០នាក់ គឺជាតួលេខអ្នកដែលបានបាត់បង់ជីវិតនៅតាមមន្ទីរពេទ្យនានាទូទាំងប្រទេសប៉ុណ្ណោះ ដោយមិនទាន់បានរាប់បញ្ចូលចំនួនអ្នកដែលស្លាប់ នៅតាមមណ្ឌលមនុស្សចាស់ជរានៅឡើយនោះទេ ហើយអាជ្ញាធរសុខាភិបាលបារាំងអះអាងថា នឹងបញ្ចេញតួលេខថ្មីក្នុងពេលឆាប់ៗនេះ៕