ស្ថានទូតចិនប្រចាំកម្ពុជាប្រគល់ម៉ាស់ និងទឹកលាងសម្អាតដៃដល់និស្សិតចិនកម្ពុជាប្រមាណជាង១០០នាក់

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិត ឯកឧត្តម វ៉ាង វិនធៀនឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានអញ្ជើញជាអធិបតីភាព ក្នុងពីធីប្រគល់ម៉ាស់ និងទឹកលាងសម្អាតដៃដល់និស្សិតចិនរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រមាណជាង១០០នាក់។

នៅក្នុងឱកាសនោះឯកឧត្តម វ៉ាង វិនធៀន បានមានប្រសាសន៍សំណេះសំណាលជាមួយក្រុមនិស្សិតចិនទាំងអស់នោះថា ស្ថានភាពនៃវីរុសកូវីដ១៩នៅកម្ពុជាវាមិនចោទជាការបារម្ភប៉ុន្មានទេ ព្រោះរាជរដ្ឋាភិបាលកម្ពុជាអាចគ្រប់គ្រងបាន។ តែយ៉ាងណាក៏ដោយ ក៏ឯកឧត្តម បានរំលឹកដល់និស្សិតចិនដែលនៅកម្ពុជាទាំងអស់ត្រូវបង្កើនអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកុំអោយឆ្លងវីរុសកូវីដ១៩នេះ។
ឯកឧត្តមបញ្ជាក់ថា ការផ្តល់ម៉ាស់ និងទឹកលាងសម្អាតដៃទៅដល់និស្សិតចិននេះ គឺជាកាយកចិត្តទុកដាក់របស់ស្ថានទូតចិនប្រចាំកម្ពុជា ចំពោះបញ្ហាសុខភាពរបស់និស្សិតដែលកំពុងរៀននិងស្នាក់នៅកម្ពុជាធ្វើយ៉ាងណាកុំអោយឆ្លងវីរុសកូវីដ១៩។
ក្រុមនិស្សិតចិនដែលទទួលបានជំនួយជាម៉ាស់ និងសម្ភារៈសំអាតដៃនេះបានអគុណចំពោះស្ថានទូតចិនប្រចាំកម្ពុជាដែលបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះពួកគេ ហើយនឹងចូលរួមថែរក្សាសុខភាពឱ្យបានល្អ៕