ក្រុមហ៊ុនវិនិយោគចម្ការកៅស៊ូមួយនៅខេត្តមណ្ឌលគិរីផ្តល់សម្ភារវេជ្ជសាស្រ្តដល់មន្ទីរសុខាភិបាលខេត្ត

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី

ក្រុមហ៊ុន SocfinCambodiaដែលជាក្រុមហ៊ុនឯកជនគ្រប់គ្រងចម្ការកៅស៊ូនៅខេត្តមណ្ឌលគិរី បានប្រគល់សម្ភារបរិក្ខាវេជ្ជសាស្ត្រសម្រាប់វាស់កម្តៅអេឡេចត្រូនិចចំនួនប្រាំជូនទៅមន្ទីរសុខាភិបាលសាធារណៈនៅក្រុងសែនមនោរម្យ ដើម្បីបង្ការនៃការរីករាលដាលនៃជំងឺផ្លូវដង្ហើមថ្មី ដែលគេហៅថា កូវីដ១៩ ឬ កូរ៉ូណា។
លោក Jef Boedt អគ្គនាយកប្រតិបត្តិទូទៅ នៃក្រុមហ៊ុន Socfin Cambodia បានមានប្រសាសន៍ថា“ សេវាសុខាភិបាលសាធារណៈកំពុងត្រូវបានរៀបចំក្នុងការការពារពី ជំងីផ្លុវដង្ហើមដ៏កាចសាហាវ កូវីត១៩ មួយនេះតាមការណែនាំរបស់ក្រសួងសុខាភិបាលក៏ដូចជាក្នុងការតាមដានពីស្ថានភាពសុខភាពរបស់ខ្លួននិងការ ប្រុងប្រយ័ត្នជាមួយមនុស្សនៅជុំវិញខ្លួនផងដែរ។ក្រុមហ៊ុនរបស់យើងមានគោលបំណងគាំទ្រដល់រដ្ឋាភិបាលកម្ពុជានិងសេវាសាធារណៈក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានរបស់វីរុសហើយនឹងការការពារពីការរីករាលដាលនៅក្នុងខេត្តទាំងមូលពោលគឺតាមរយៈការផ្តល់សម្ភារៈវេជ្ជសាស្រ្ត្តអេឡេចត្រូនិចសម្រាប់វាស់កម្តៅដល់មន្ទីរសុខាភិបាលខេត្តសម្រាប់ធ្វើការសម្របសម្រួលក្នុងការស្វែករកនិងតាមដានករណីដែលនឹងអាចកើតមានពីការរីករាលដាលនៃជំងឺនេះ»។
លោកវេជ្ជបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ចាត់ទុកសកម្មភាពនេះបង្ហាញពីកិច្ចសហការ យ៉ាងសកម្មលើការចូលរួមរបស់អ្នកពាក់ព័ន្ធក្នុងតំបន់ ទាំងផ្នែកឯកជននិងសាធារណៈក្នុងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីបម្រើសហគមន៍របស់ពួកគេឱ្យកាន់តែប្រសើរឡើង។ លោកថ្លែងថា ក្រុមហ៊ុន Socfin Cambodia មានឆន្ទៈក្នុងការប្រតិបត្តិអំឡុងគ្រាជួបប្រទះវិបត្តិនេះ ដោយអនុវត្តគំនិតផ្តួចផ្តើមដែលផ្តល់ផលប្រយោជន៍ដល់សង្គមមិនត្រឹមតែសម្រាប់ពេលបច្ចុប្បន្ន និងរយៈពេលវែងខាងមុខ ហើយក៏ នឹងបន្តធ្វើកិច្ចការជាមួយបុគ្គលពាក់ព័ន្ធទាំងអស់ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។
ក្រុមហ៊ុន Socfin Cambodia គឺជាផ្នែកមួយនៃ ក្រុមហ៊ុន Socfin Group។ ក្រុមហ៊ុន Socfin Group ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ 1909 ហើយបានធ្វើការងារយ៉ាងសកម្មលើការអភិវឌ្ឍនិងគ្រប់គ្រង ចម្ការដូងប្រេង និងចម្ការកៅស៊ូនៅក្នុងប្រទេសចំនួន 8 នៅលើពិភពលោក។
ក្រុមហ៊ុននេះ បានឈានជើងចូលមកកាន់ព្រះរាជាណាចក្រកម្ពុជាតាមរយៈក្រុមហ៊ុនចំនួនពីរគឺ ក្រុមហ៊ុន Socfin-KCD និង Coviphama ដែលក្រុមហ៊ុនទាំងពីរនេះស្ថិតក្រោមការគ្រប់គ្រង របស់ក្រុមហ៊ុន តែមួយដូចគ្នា។ ក្រុមហ៊ុនទាំងពីរនេះ គ្រប់គ្រងលើ ចម្ការកៅស៊ូ នៅក្នុង ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី៕