អាជ្ញាធរខេត្តព្រះសីហនុប្រើឧគ្ឃោសនាសព្ទផ្សព្វផ្សាយនៅតាមភូមិដើម្បីផ្សព្វផ្សាយការពារជម្ងឺកូវីដ ១៩

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
MC:អាជ្ញាធរខេត្តព្រះសីហនុប្រើឧគ្ឃោសនាសព្ទផ្សព្វផ្សាយនៅតាមភូមិ ពីវិធាការការពារជម្ងឺកូវីដ ១៩និងស្នើរឲ្យអ្នកដែលបានវិលត្រឡប់មកពីក្រៅប្រទេស ទៅពិនិត្យសុខភាពនិងនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ដើម្បីបង្ការការពារនិងទប់ស្កាត់ពីជំងឺរាតត្បាតកូវីដ ១៩ ។

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹង នៅថ្ងៃទី២៤ខែមីនានេះថា អាជ្ញាធរខេត្តបានកំពុងខិតខំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស អ្នកដែលទើបអញ្ជើញមកពីក្រៅប្រទេស ត្រូវនៅម្នាក់ឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃសិនដើម្បី បង្ការការពារកុំឲ្យឆ្លងជម្ងឺកូវីដ ១៩ ។
លោកបានបន្តថា វិធានការផ្សព្វផ្សាយនេះបានធ្វើឡើងតាមរយៈការចាក់ឧគ្ឃោសនាសព្ទតាមឡាននិងម៉ូតូ នៅតាមទីវត្តអារាមនិងតាមផ្លូវសាធារណៈ ទីប្រជុំជនទូទំាងខេត្ត ដែលសំខាន់ៗ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងអំពីវិធីការពារខ្លួន បង្ការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ និងធ្វើការផ្សព្វផ្សាយបន្តដល់អ្នកដែលមិនបានស្តាប់លឺ ។
សំឡេង« យោងតាមបទបញ្ជររបស់ឯកឧត្តមអភិបាលខេត្តព្រះសីហនុគឺបានណែនាំ ទៅដល់អភិបាលក្រុងស្រុក ប្រធានមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ នៅក្នុងខេត្តព្រះសីហនុឲ្យធ្វើការផ្សព្វផ្សាយ នៅវិធានការក៏ដូចជាសេចក្តីណែនាំ ស្តីពីនិតិវិធីដាក់ខ្លួន ឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដើម្បីបង្ការនិងទប់ស្កាត់ជម្ងឺកូវីដ ១៩ នៅតាមភូមិ ឃុំ សង្កាត់ តាមសាលារៀន តាមវត្តអារាម សារ៉ាវ វិហារសាសនា រោងចក្រសហគ្រាស ទីផ្សារ និងទីប្រជុំនានានៅទូទាំងខេត្តព្រះសីហនុ ឱ្យបានទូលំទូលាយបំផុត ដើម្បីឱ្យប្រជាពលរដ្ឋយើងឲ្យយល់ច្បាស់ពីវិធីបង្ការ និងទប់ស្កាត់ពីជំងឺរាតត្បាតកូវីដ១៩។ ហើយទាំងម្សិលមិញ ទាំងពេលកន្លងមក ក៏ដូចជាថ្ងៃនេះ យើងមានជាក្បួន មានឡាន មានម៉ូតូ ដែលបំពាក់ដោយ ម៉េក្រូឧគ្ឃោសនាសព្ទនិង គឺយើងធ្វើការផ្សព្វផ្សាយដូចទីតាំងខ្ញុំបានរៀបរាប់អញ្ចឹង ។ ហើយប្រជាពលរដ្ឋយើងគឺថា ពេលដែលបានទទួលព័ត៌មាននិងក៏លោកធ្វើការផ្សព្វផ្សាយតៗគ្នា ហើយធ្វើមិចឲ្យយើងការពារឲ្យបានពីជម្ងឺកូវីដ១៩នេះ » ។
លោកឃាង ភារម្យ បានបន្ថែមថា ចំពោះបងប្អូនប្រជាពលរដ្ឋនៅពេលមានរោគសញ្ញាសង្ស័យ ណាមួយ ត្រូវទៅកាន់មណ្ឌលសុខភាពជាបន្ទាន់ រឺត្រូវទូរស័ព្ទទៅកាន់លេង ១១៥ ដើម្បីពិគ្រោះយោបល់ជាមួយមន្រ្តីសុខាភិបាលដើម្បីតាមដានស្ថានភាពជំងឺនេះកុំឲ្យឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងទៅសហគមន៍ ។
សូមបញ្ជាក់ថា តាមរបាយការរបស់នាយដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លងឲ្យដឹងថា គិតត្រឹមថ្ងៃទី ២៣ ខែមីនា ខេត្តព្រះសីហនុ មានករណីផ្ទុកជម្ងឺកូវីដ១៩ ចំនូន ៣៤ ករណី ក្នុង ជនជាតិខ្មែរ ១ ករណី ជនជាតិបារាំង ៣១ ករណី និងជនជាតិចិនចំនួន ១ ករណី បានជាសះស្បើយ ៕