ក្រសួងសុខាភិបាលថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យឯកជនដែលបានព្យាបាលស្រ្ដីជនជាតិអង់គ្លេសម្នាក់ដែលមានជំងឺCOVID-19 បានជាសះស្បើយ

វិទ្យុជាតិកម្ពុជា អត្ថបទ វ៉ែន សុវុទ្ធី
MC: លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង សុខាភិបាលបានថ្លែងអំណរគុណដល់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ដែលបានរួមចំណែកជួយព្យាបាល និងថែទាំស្រ្ដីជនជាតិអង់គ្លេស(ពិការ) អាយុ៦៥ឆ្នាំ ដែលជាអ្នកជំងឺ COVID-19 អោយជាសះស្បើយ ។

លោកជំទាវបានបញ្ជាក់ថា ស្រ្ដីជនជាតិអង់គ្លេសរូបនេះ ត្រូវបានបង្ហាញលទ្ធផលតេស្ដ អវិជ្ជមានវីរុសកូវីដ-១៩ ចំនួនពីរដង ហើយត្រូវបានចាកចេញពីមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ និងអាចត្រឡប់ទៅកាន់ប្រទេសកំណើរបស់គាត់វិញ។
លោក យ៉ុន សុខខុម ប្រធានផ្នែកទីផ្សារនៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានបញ្ជាក់ឱ្យដឹងថា វេជ្ជបណ្ឌិត គិលានុបដ្ឋាក គិលានុបដ្ឋាយិកា នឹងក្រុមការងារ របស់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញផ្ទាល់ បានខិតខំប្រឹងប្រែងលះបង់នូវពេលវេលា និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគាត់ ដើម្បីផ្តល់ការថែទាំដ៏ល្អបំផុតដល់អ្នកជំងឺ និងឈានរហូតជាសះស្បើយ។
ទន្ទឹមនេះ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីផ្តល់ការព្យាបាលដោយសុវត្ថិភាពជូនប្រជាជនកម្ពុជា និងជនបរទេសនៅក្នុងប្រទេសកម្ពុជា។
លោកបានអះអាងផងដែរថា សព្វថ្ងៃនេះ ពុំមានអ្នកជំងឺរលាកសួតប្រភេទថ្មី COVID-19 ស្នាក់នៅនិងព្យាបាលក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញនោះទេ ហើយសម្រាប់អ្នកជំងឺដែលមានការសង្ស័យ មន្ទីរពេទ្យនឹងធ្វើការបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ដើម្បីស្វែងរកជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានេះ ក្នុងនាមជាអ្នកជំងឺ និងមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ក៏សូមអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏ធំធេងពីក្រសួងសុខាភិបាលកម្ពុជា អង្គការសុខភាពពិភពលោក (WHO) ផ្នែកប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងស្ថានទូត ចំពោះការបញ្ជូនកញ្ចប់ឧបករណ៍វេជ្ជសាស្ត្ររបស់ខ្លួន និងថ្នាំប្រឆាំងវីរុសសម្រាប់ព្យាបាលអ្នកជំងឺ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលយ៉ាងយកចិត្តទុកដាក់ ដើម្បីព្យាបាលអ្នកជំងឺឱ្យជាសះស្បើយ។
សូមបញ្ជាក់ថា អ្នកជំងឺស្ត្រីជនជាតិអង់គ្លេសអាយុ ៦៥ ឆ្នាំដែលមានជំងឺរលាកសួតប្រភេទថ្មី COVID-19 ត្រូវបានផ្ទេរពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម រួចបន្តព្យាបាលនៅមន្ទីរពេទ្យរ៉ូយ៉ាល់ពេញ ចាប់តាំងពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យ ឃើញថាមានជំងឺរលាកសួតប្រភេទថ្មី COVID-19 នៅថ្ងៃទី១១ ខែ មីនា ឆ្នាំ២០២០ ៕