មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ អំពាវនាវប្រជាពលរដ្ឋ ដែលទើបត្រលប់មកពីក្រៅប្រទេសទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកស្រុកទំាង៦កន្លែង

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

MC៖ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ អំពាវនាវប្រពលរដ្ឋ ដែលទើបត្រលប់មកពីក្រៅប្រទេស ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកស្រុកទំាង៦កន្លែងនៅក្នុងខេត្ត ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាត នៃជំងឺ កូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

លោកវជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ទីតំាងទំាង៦កន្លែងដើម្បីពិនិត្យពិគ្រោះសុខភាព ពាក់ព័ន្ធនឹងជម្ងឺកូវីដ១៩ មាននៅមន្ទីរពេទ្យបង្អែក ស្រុកអូររាំងឪ ស្រុកក្រូចឆ្មារ មន្ទីរពេទ្យព្រះនរោត្តមសីហនុត្បូងឃ្មុំ ក្រុងសួង ស្រុកពញ្ញាក្រែក និងស្រុកតំបែរ។
លោកបញ្ជាក់ថា រដ្ឋបាលខេត្តត្បូងឃ្មុំក៏បានរៀបចំទីតំាងចំនួន៣ សម្រាប់ដាក់ព្យាបាលអ្នកដែលបានឆ្លងវីរុសខូវីដ១៩ គឺទី១ នៅមន្ទីរពេទ្យបង្អែកខេត្តពញ្ញាក្រែក ទី២ មន្ទីរពេទ្យនៅមេមត់ និង ទី៣ មន្ទីរពេទ្យនរោត្តមសីហនុត្បូងឃ្មុំស្ថិតនៅក្រុងសួង។
សំឡេង៖« សម្រាប់ដល់ប្រជាពលរដ្ឋដែលចំណាកស្រុកមកពីប្រទេសក្រៅ ប្រសិនបើមិនទាន់មានរោគសញ្ញាអ្វីទេ សូមឱ្យនៅក្នុងផ្ទះដោយដាច់ដោយឡែក ឬនៅក្នុងបន្ទប់ ក្នុងរយៈពេល១៤ថ្ងៃសិន ប្រសិនបើមិនមានអាការៈអ្វីទេយើងអាចចេញមកជួបបងប្អូនបាន តែប្រសិនជាមានអាការៈសង្ស័យសូមប្រញាប់តេទៅលេខទូរសព្ទ ១១៥ នោះយើងនឹងមាន ចំណាត់ការ ដើម្បីទៅទទួលយកពួគគាត់ មកពិគ្រោះនិងយកសំណាកមកវិភាគជូនពួកគាត់ ដើម្បីស្វែករកមេរោគ។ដោយឡែកចំពោះអ្នកដែលសង្ស័យថាខ្លួនធ្លាប់បានប៉ះពាល់ជាមួយអ្នកដែលមានជំងឺ កូវីដនេះ ព្រោះកន្លងមកយើងបានស្រាវជ្រាវយកពួកគាត់មកពិនិត្យសឹងទាំងអស់ហើយ ប៉ុន្តែក្រែងមានការឆកល្វែងនៅចំណុចណាមួយ ដូច្នោះសូមឱ្យបងប្អូន ដែលបានប៉ះពាល់ជាមួយអ្នកដែលបានឆ្លង ត្រូវចេញមកពិគ្រោះនៅតាមមូលដ្ឋានសុខាភិបាលទាំងអស់ក្នុងខេត្ត ដើម្បីយើងពិនិត្យព្យាបាលជូន។»
លោកប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងនោះមន្ទីរសុខាភិបាលខេត្ត បានអនុវត្តទៅតាមគោលការណ៍បច្ចេកទេស របស់ក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោក ដោយ បានកំណត់គោលដៅ ជាយុទ្ធសាស្ត្រចិត្តសាស្ត្រ ធ្វើការអប់រំអំពីស្ថានភាពសុខភាពរបស់ពួកគាត់ នឹងពន្យល់អំពីស្ថានភាពអនាម័យដែលគាត់រស់នៅក្នុងបន្ទប់ដាច់ដោយឡែកនេះ ក្នុងនោះយើងក៍បានស្វែងយល់ពីតម្រូវការរបស់ពួកគាត់ផ្ទាល់ នេះជាការលើកទឹករបស់ពួកគាត់។ ហើយក្រៅពីផ្នែកយុទ្ធសាស្ត្រ ក្រុមគ្រូពេទ្យព្យាបាលទៅតាមផ្នែកវេជ្ជសាស្ត្រផងដែរ៕