រដ្ឋមន្រ្តី ក្រសួងព័ត៌មាន គាំទ្រ ក្នុងការបង្កើត កម្មវិធី បេះដូងវប្បធម៌

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី
MC៖ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន គាំទ្រ ក្នុងការបង្កើត កម្មវិធី បេះដូងវប្បធម៌ របស់អង្គការសកលសហការជាមួយសមាគមវិចត្រសិល្បៈ ដើម្បីរួមចំណែកលើកស្ទួយវិស័យវប្បធម៌ និងសិល្បៈខ្មែរ អោយបានគង់វង្ស និងរីកចំរើនបន្ថែមទៀត ។
ក្នុងឱកាសអនុញ្ញាតអោយ អ្នកស្រី ញ៉ សុខឃីម នាយិកាប្រតិបត្តិ អង្គការសកល និងជាអ្នកបណ្តុះពូជផ្កាអ័រគីដេ១០ពណ៌ ចូលជួបសំដែងការគួរសមជាមួយ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានសំដែងនូវការគាំទ្រ ដល់អង្គការសកល ដែលមានគំនិតផ្តួចផ្តើមបង្កើតកម្មវិធីនេះឡើង ក្នុងន័យធ្វើយ៉ាងណាលើកស្ទួយវិស័យ វប្បធម៌និងសិល្បៈរបស់ខ្មែរ ឲ្យកាន់តែមានភាពល្បីរន្ទឺ។ ឯកឧត្តម បានបន្តថា កម្មវិធី បេះដូងវប្បធម៌ ពិតជាមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរ ដើម្បីបំផុសឡើងវិញអោយកូនខ្មែរជំនាន់ក្រោយទាំងអស់ បានស្វែងយល់បន្ថែម។ ជាមួយគ្នានេះ ឯកឧត្តម បានឧបត្ថម្ភថវិកាចំនួន២លានរៀលផងដែរ សំរាប់ដំណើរការរៀបចំកម្មវិធីនេះ។
អ្នកស្រី ញ៉ សុខឃីម បានអោយដឹងថា កម្មវិធី បេះដូងវប្បធម៌នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ខាងមុខ នាមជ្ឍមណ្ឌលវប្បធម៌រុស្ស៊ី ស្ថិតតាមបណ្តោយផ្លូវ ព្រះនរោត្តម ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ដែលមានផ្ទាំងទស្សនីយ៍ភាព លោ្ខនបាសាក់ រឿងព្រះទេវង្សកុមារ សំដែងដោយក្រុមល្ខោនបាសាក់ អោ សំអាង ។ អ្នកស្រី បញ្ជាក់ថា សម្រាប់កម្មវីធី បេះដូងវប្បធម៌នេះ គឺមានការសហការគ្នា រវាង អង្គការសកល ទូរទស្សន៍ អនឡាញ ខេមររដ្ឋ HOT MEWS Ten (10) និងសមាគមវិចិត្រសិល្បៈ ។
ក្នុងឱកាសនោះអ្នកស្រី បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ ដែលបានគាំទ្រទាំងស្មារតី និងថវិកា សម្រាប់ដំណើរការរៀបចំកម្មវិធី បេះដូងវប្បធម៌នេះ។ អ្នកស្រី ក៏បានគោរពអញ្ជើញ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ធ្វើជាគណៈអធិបតី ផងដែរ។ អ្នកស្រី សង្ឃឹមថា កម្មវិធីនេះនឹងទទួលបានការគាំទ្រច្រើនពីបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលស្រលាញ់ចូលចិត្ត វិស័យសិល្បះបុរាណខ្មែរ ពិសេសល្ខោនបាសាក់ ៕