គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចេញសេចក្តីណែនាំស្តីពីវិធានការ ដើម្បីបង្កា និងទប់ស្កាត់ការរាតត្បាតកូវីដ១៩

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ
MC ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ណែនាំស្តីពីវិធានការបង្កា និងទប់ស្កាត់ការរាតត្បាតកូវីដ១៩ ដល់មន្រ្តីរបស់ខ្លួន ។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានណែនាំនៅវិធានការ១១ ចំណុចដល់ដល់មន្រ្តីរបស់ខ្លួនដើម្បីបង្កា និងទប់ស្កាត់ការរាតត្បាតកូវីដ១៩ ដោយ ៖ ទី១ ត្រូវលាងសម្អាតដៃឲ្យបានញឹកញាប់ ជាមួយទឹកស្អាត និងសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគ និងពាក់ស្រោមដៃក្នុងពេលធ្វើប្រតិបត្តិការនានា ទោះក្នុងកាលៈទេសៈចាំបាច់ ។ ទី២ រក្សាគម្លាតឲ្យបានចម្ងាយ ១,៥ ម៉ែត្រពីបុគ្គលដែលមានផ្ទុកកូវីដ១៩ ឬសង្ស័យថាមានផ្ទុកកូវីដ១៩ ។ ទី៣ ត្រូវពាក់ម៉ាស់ការពារពេលធ្វើដំណើរ នៅក្នុងចំណោមមហាជន ឬនៅក្បែរបុគ្គលដែលសង្ស័យថាមានផ្ទុកកូវីដ១៩ និងត្រូវផ្លាស់ប្តូរម៉ាស់បានញឹកញាប់ ។ ទី៤ នៅពេលក្អក ឬកណ្តាស់ ត្រូវខ្ចប់មាត់ដោយក្រមា ឬកំភួនដៃ ឬក្រដាសអនាម័យត្រូវចោលភ្លាមក្នុងធុងសំរាមដែលមានគម្រប ។ ទី៥ ជៀសវាងការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយនឹងអ្នកដែលមានអាការៈសង្ស័យមានផ្ទុកកូវីដ១៩ ។ ទី៦ ជៀសវាងយកដៃដែលពុំបានលាងសម្អាតទៅប៉ះពាល់ភ្នែក ច្រមុះ និងមាត់ដែលបង្កើនឱកាសឆ្លងមេរោគ ។ ទី៧ ករណីមានអាការៈក្អក ពិបាកដកដង្ហើម និងក្តៅខ្លួន ត្រូវសម្រាកមិនបាច់មកបំពេញការងារ នឹងត្រូវប្រញាប់ស្វែងរកការព្យាបាល និងសម្រាកនៅឲ្យដាច់ដោយឡែកពីអ្នកដទៃ ។ ទី៨ ហាមធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗ ដែលរាជរដ្ឋាភិបាលបានចេញបម្រាមហាមមិនឲ្យទៅ ។ ទី៩ ត្រូវចូលរួមសហការ និងរាយការណ៍ជូនសមត្ថកិច្ចនៅបុគ្គលដែលសង្ស័យថាមានផ្ទុកកូវីដ១៩ ដើម្បីចាត់វិធានការសមស្រប ។ ទី១០ ត្រូវមកបំពេញការងារធម្មតា ដោយបង្កើនអនាម័យខ្ពស់ក្នុងកន្លែងធ្វើការ ត្រូវលាងសម្អាតដៃ នឹងវាស់កំដៅមុនចូលកន្លែងធ្វើការ និងត្រៀមខ្លួនទទួលការណែនាំពីវិធានការនានារបស់រាជរដ្ឋាភិបាល ។ និងទី១១ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជូន និងម៉ឺងម៉ាត់បំផុតនូវរាល់សេចក្តីណែនាំ របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងស្ថាប័នផ្សេងៗទៀត ៕