កសិករនៅស្រុកសូទ្រនិគម ខេត្តសៀមរាបបញ្ជាក់ថា ការដាំបន្លែចំរុះ នៅលើថ្នាលតែមួយ គឺទទួលបានផលច្រើន និងងាយស្រួលថែទាំ

វិទ្យុជាតិកម្ពុជា៖ កង. មុន្នីរ៉ា ថៃ្ងទី២០ ខែមីនា ឆ្នាំ ២០២០
៖​

កសិករដាំដំណាំចំរុះរបស់សហគមន៍កសិកម្មសុវត្ថិភាពធម្មជាតិ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប ប្រាប់ថា ការដាំបន្លែចំរុះគ្នានៅលើថ្នាលតែមួយ គឺទទួល បានអត្ថប្រយោជន៍ច្រើន និង ងាយស្រួលថែទាំ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖

​ អ្នកស្រី សៀង ង៉ុច កសិករដាំបន្លែចំរុះរបស់សហគមន៍កសិកម្មសុវត្ថិភាពធម្មជាតិ នៅភូមិ ជ្រៃ ខាងជើងឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ប្រាប់ថា ការធ្វើកសិកម្ម ដាំដំណាំ ចំរុះគ្នានេះ វាបានផ្តល់នូវភាពងាយស្រួលជាច្រើនសម្រាប់កសិករ ដូចជា ការប្រមូលផល, ងាយ ស្រួល គ្រប់គ្រងសត្វល្អិតចង្រៃយាយីបំផ្លាញដំណាំ ។
« ការដាំបន្លែ៣មុខនេះ ទី១គឺថា យើងលក់ទៅវាមិនចាល់, ទី២យើងកាត់បន្ថយ សត្វល្អិត ដូចថា មួយរងអីអញ្ចេះយើងមាន ខ្ទឹម មានខាត់ណា សាទ្បាត់ បើសត្វល្អិតវាមកវាស៊ី ប៉ះចំខ្ទឹមវារាថយទៅវិញទៅ វាមិនចូលចិត្តទៅ យើងនៅសល់សាទ្បាត់ និង ខាត់ណាទៅ កាលណាយើងទៅលក់ក៏វាមានផលប្រយោជន៍ចំណេញដែរ។ឧទាហរណ៍ថា សាទ្បាត់យើងវាថោក ខាត់ណាយើងបានថ្លៃ ខ្ទឹមយើងវាបានថ្លៃ»។ អ្នកស្រីបន្ថែមថា ការដាំដំណាំចំរុះគ្នានេះ អ្នកស្រី អាច ដកឬកាត់លក់ជាប្រចាំរាល់ថ្ងៃ ដើម្បីយកទៅលក់ទទួលបានប្រាក់ចំណូលប្រចាំថ្ងៃផងដែរ។

​« ដល់ពេលយើងដាំចំរុះអញ្ចេះ ដល់ពេលសាទ្បាត់ធំមុនយើងដកសាទ្បាត់ បន្ទាប់ មកខ្ទឹម ខ្ទឹមរួចបានខាត់ណា កាលណាយើងដកសាទ្បាត់ យើងយកកន្លែងអាទ្បាត់ដែលយើងចំរុះ នោះ យើងដាក់មុខអីផ្សេងទៀតវិលជុំ»។ កសិករដដែលនេះ បានឱ្យដឹងផងដែរ ថា បច្ចេកទេស​នៃការដាំដំណាំចំរុះនេះ គឺប្រជាកសិករទទួលបានបណ្តុះបណ្តាលពីអង្គការGret រយៈពេល​៣ឆ្នាំ​មកហើយ។ អ្នកស្រីបន្តថា ទាំងការដាំដំណាំលើរានផង និង នៅលើ ដីផ្ទាល់សរុបទាំងអស់មាន ទំហំដី២០x៣០ ម៉ែត្រការ៉េអាចទទួលបានប្រាក់ចំណូលប្រចាំថ្ងៃប្រមាណ១៥០០០-៣០០០០​រៀល​ក្នុង​ថ្ងៃៗនិង គិតជាមធ្យម៤០ម៉ឺនរៀលក្នុង១ខែៗ។ កសិករ សៀង ង៉ុច បន្ថែមថា ថ្វីត្បិតប្រាក់​ចំណូល​ពីការលក់បន្លែរបស់គាត់នៅពេលបច្ចុប្បន្នតិច​ជាងកាលពី ដាំដំណាំប្រើជី-ថ្នាំគីមីនោះ​ ក៏ពិត​ម៉ែន ប៉ុន្តែអ្នកស្រីសប្បាយចិត្តត្បិតនៅពេលនេះមានសុខភាពល្អខុសពីគ្រាមុនច្រើន មានតែជំងឺជាប់​កាយនោះ ។

អង្គការGret បណ្តុះបណ្តាលបច្ចេកទេសកសិករ ដំាំដំណាំសុវត្ថិភាព នៅក្នុងស្រុកពីរ គឺសូទ្រ
និគម និង ស្រុកប្រាសាទបាគង មានភូមិជាង៥០ និង មានសមាជិកកសិករ ប្រមាណជាង២០០០ គ្រួសារ។

សូមបញ្ជាក់ថា៖ សហគមន៍កសិកម្មសុវត្ថិភាពធម្មជាតិ នៅស្រុកសូទ្រនិគម មានកសិករ ប្រមាណ៦០ទៅ៨០គ្រួសារ ដាំបន្លែសុវត្ថិភាពស្លឹក៣០មុខ និងបន្លែផ្លែ ប្រមាណ១០មុខ។ ការដាំដុះ​ផលិតតាមមានគោលការណ៍ធម្មជាតិ ជីកំប៉ុស្តិ៍គោក កំប៉ុស្តិ៍ទឹក និង ថ្នាំពុលបង្ការសត្វល្អិត ផលិត​ពីធម្មជាតិសុទ្ធសាធ។ សហគមន៍កសិកម្មសុវត្ថិភាពធម្មជាតិ មានប្រព័ន្ធធានាសុវត្ថិភាព និង មាន​ការ​ចូលរួមត្រួតពិនិត្យត្រឹមត្រូវពីផ្នែកពាក់ព័ន្ធនានា៕