ការរីករាលដាលនៃមេរោគកូរ៉ូណាវីរុសអាចជាមូលហេតុ ធ្វើឱ្យសហភាពអឺរ៉ុបមានការបែកបាក់

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ — កាលពីថ្ងៃចន្ទ លោក Igor Pshenichnikov អ្នកជំនាញមកពីវិទ្យាស្ថានរុស្ស៊ីសម្រាប់សិក្សា​យុទ្ធសាស្រ្តបាននិយាយថា ការឆ្លងរាតត្បាតនៃមេរោគកូរ៉ូណាវីរុស នេះបានបង្ខំឱ្យសមាជិកសហភាពអឺរ៉ុបយល់ថា មិនមានសាមគ្គីភាព​នៅ​អឺរ៉ុបទៀតទេ ហើយ «សមាជិកនីមួយៗ គឺធ្វើអ្វីសម្រាប់តែខ្លួនឯងប៉ុណ្ណោះ» ។ លោកមើលឃើញហានិភ័យជាក់លាក់ដែលសហគមន៍​អឺរ៉ុបអាចនឹងបាត់បង់រូបរាងពីមុនខ្លះៗ ឬទាំងស្រុង ឬក៏លែងមានសហភាពអឺរ៉ុបប​ន្តទៀតតែម្តង។

លោក Pshenichnikov បានរំលឹកថា «នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ បណ្តាមេដឹកនាំនៃបណ្តាប្រទេសសហភាព​អឺរ៉ុបនឹងធ្វើសន្និសីទវីដេអូមួយ ដើម្បីពិភាក្សាអំពី​អ្វីដែលសហភាពអឺរ៉ុបគួរតែធ្វើស្របពេលដែលកំពុងមានការរីករាលដាលនៃវីរុសនេះ។ កិច្ចប្រជុំកំពូលស្រដៀងគ្នានេះដែរ ដែលបានធ្វើ​ឡើងកាលពីប៉ុន្មានថ្ងៃមុនបានបង្ហាញថា ការដួលរលំនៃសហភាពអឺរ៉ុប គឺជាការពិតដែល​បានសម្រេចហើយ។  វាមិនមានសាមគ្គីភាពអឺរ៉ុបទៀតទេ ហើយនៅសមាជិករបស់សហភាពអឺរ៉ុបនីមួយៗ គឺធ្វើអ្វីសម្រាប់តែខ្លួនឯងផ្ទាល់​ប៉ុណ្ណោះ»។

លោកបានសង្កត់ធ្ងន់ថា នៅសហភាពអឺរ៉ុបមានទស្សនៈប្លែកខុសៗគ្នា ទាក់ទងនឹងជំងឺរាតត្បាតនេះ។ ប្រធានាធិបតីបារាំង លោក  Emmanuel Macron បានចេញគោលនយោបាយសម្របសម្រួលរួមមួយដែលអាចបន្ធូរបន្ថយឥទ្ធិពលសេដ្ឋកិច្ចនៃវិបត្តិដោយសារជំងឺ​រាតត្បាតដែលនឹងអាចកើតមាន។ លោកបាននិយាយថា ប្រទេសបារាំងជឿជាក់ថា ប្រទេសនីមួយៗនឹងមិនអាចផ្តល់នូវការឆ្លើយតបគ្រប់​គ្រាន់ចំពោះផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចដោយខ្លួនឯងបានទេ។ លោក Macron បានជំរុញផែនការសម្របសម្រួលសម្រាប់ការតស៊ូ​ប្រឆាំងនឹងផលប៉ះពាល់ជាច្រើននៃវិបត្តិសេដ្ឋកិច្ច ដែលអាចមានរយៈពេលយូរអង្វែង»។

ក្នុងពេលនេះ លោក Pshenichnikov បាននិយាយថា ប្រទេសអាល្លឺម៉ង់បានប្រឆាំងនឹងវិធានការដែលបានស្នើឡើងដោយ​បារាំង។

លោក Pshenichnkov បាននិយាយថា «អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel កំពុងដឹកនាំប្រទេសមួយចំនួន​ដែលមានការសង្ស័យទៅលើប្រទេសបារាំង និងអ្នកគាំទ្ររបស់ខ្លួន ក្នុងគោលបំណងដើម្បីកាត់បន្ថយវិន័យសារពើពន្ធ និងការចែកចាយ​ឡើងវិញនូវលំហូរនៃធនធានថវិកាពីបណ្តាប្រទេសអ្នកមានរបស់សហភាពអឺរ៉ុបក្នុងការគាំទ្រដល់ប្រទេសក្រីក្រ។ «វាច្បាស់ណាស់ថា រដ្ឋអ្នកមានរបស់សហភាពអឺរ៉ុបគ្មានចេតនាបង្ហាញសាមគ្គីភាពជាមួយបណ្តាប្រទេសដែលរងផលប៉ះពាល់ពីជំងឺឆ្លងកូរ៉ូណាវីរុសនេះ ដូចជាប្រទេសអ៊ីតាលីនោះទេ។ លើសពីនេះទៅទៀត មិនមែនមានប្រទេសតែមួយនៃសហភាពអឺរ៉ុបដែលបានផ្តល់ជំនួយណាមួយដល់​ប្រទេសអ៊ីតាលីនោះទេ។ មានតែប្រទេសចិនទេ ដែលធ្វើដូច្នេះ។ រោគរាតត្បាតនេះបានបង្ហាញអំពីតម្លៃពិតរបស់សហភាពអឺរ៉ុប និងតម្លៃរួមរបស់អឺរ៉ុប»៕

(ប្រភព ​TASS បកប្រែដោយ លោក យា ចិន្តាខន្តី)