ស្ថានទូតកម្ពុជាប្រចាំប្រទេសកាណាដា ប្រកាសដល់ប្រជាពលរដ្ឋ និងសិស្ស-និស្សិតខ្មែរទាំងអស់ ចូលរួមអនុវត្តតាមវិធានការការពារខ្លួន ដើម្បីបង្ការពីជំងឺកូវីដ១៩

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា ២៤.៣.២០២០៖

ស្ថានទូតកម្ពុជាប្រចាំប្រទេសកាណាដា ប្រកាសដល់ប្រជាពលរដ្ឋ និងសិស្ស-និស្សិតខ្មែរទាំងអស់ ចូលរួមអនុវត្តតាមវិធានការណែនាំរបស់រដ្ឋាភិបាលកាណាដាឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការការពារនៃការរីករាលដាលេជំងឺកូវីដ១៩។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសកាណាដា បានឲ្យដឹងថា វីរុសកូវីដ១៩ បានកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោករួមទាំងប្រទេសកាណាដាផងដែរ ដូច្នេះប្រជាពលរដ្ឋខ្មែរកំពុងរស់នៅធ្វើការ ប្រកបអាជីវកម្ម ជាពិសេសនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសកាណាដា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់។
ប្រភពដដែលបានឲ្យដឹងថា ដើម្បីទប់ស្កាត់នឹងការការឆ្លងរាលដាលនៃកូវីដ១៩ ត្រូវគោរពតាមការណែនាំនិងបទបញ្ជានានារបស់ រដ្ឋាភិបាលកាណាដាបានចាត់វិធានការដូចជា៖ ចាប់ពីថ្ងៃទី ១៨ ខែមីនាឆ្នាំ ២០២០ ទៅត្រូវហាមឃាត់អ្នកដំណើរជនបរទេសតាមជើងយន្តហោះ ពីគ្រប់ប្រទេសទាំងអស់ចូលប្រទេសកាណាដាដោយក្នុងករណីចាំបាច់បំផុត លើកលែងចំពោះបុគ្គលិកហោះហើរ អ្នកដំណើរឆ្លងកាត់ កាណាដាទៅប្រទេសទីបី ពលរដ្ឋកាណាដារស់នៅអចិន្ត្រៃយ៍មន្ត្រីការទូត និងសមាជិកគ្រួសារសិទ្ធិបំផុតរបស់ពលរដ្ឋកាណាដា។ គ្រប់ជើងយន្តហោះអន្តរជាតិទាំងអស់ តម្រូវឱ្យចុះចតនៅតែព្រលានយន្តហោះអន្តរជាតិ Toronto pearson , Vancouver, Montreal-Trudeau និង Calgary ។ គ្រប់អ្នកដំណើរទាំងអស់ដែលបានចូលមកដល់ប្រទេសកាណាដា ត្រូវដាក់ខ្លួនឲ្យនៅដោយឡែកក្នុងរយៈពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃដែលបានត្រឡប់មកដល់កាណាដា ។ប្រជាជនរស់នៅប្រទេសកាណាដាត្រូវបានជំរុញឲ្យរក្សាអនាម័យផ្ទាល់ខ្លួនឲ្យបានខ្ជាប់ខ្ជួនអនុវត្តវិធានការ រក្សាគំលាតនៃជំហររវាងគ្នាចំនួន២ម៉ែត្រនិងស្នាក់នៅគេហដ្ឋាន ប្រសិនបើមិនមានការចាំបាច់ ត្រូវប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះការឆ្លងរាលដាលវីរុសកូវីដ១៩ ដោយថែទាំសុខភាពឲ្យបានល្អធ្វើអនាម័យជាប្រចាំ ការគោរពដោយសំពះហាមចាប់ដៃ ការរក្សាចំងាយពីគ្នាចំនួន២ម៉ែត្រនិងជៀសវាងការប្រមូលផ្តុំគ្នានិងការធ្វើដំណើរមិនចាំបាច់ដែលជាហេតុបណ្តាលឲ្យមានការឆ្លងវីរុសនេះ។ បើក្នុងករណីសង្ស័យថាឆ្លងវីរុសកូវីដ១៩ តាមរយៈការលេចឡើងនូវរោគសញ្ញាណាមួយនៃវីរុសនេះត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ ។
បន្តតាមដានឲ្យបានជាប់ជានិច្ចនូវសេចក្ដីដំណឹង ឬសេចក្ដីប្រកាសព័ត៌មាន និងការណែនាំផ្សេងៗដែលចេញដោយរាជរដ្ឋាភិបាលកាណាដានិងអាជ្ញាធរពាក់ព័ន្ធក៏ដូចជារបស់ស្ថានទូតឬអាចទំនាក់ទំនងតាមរយៈ Government of Canada is coronavirus information line
តាមរយះលេខទូរស័ព្ទ 1-833 -784-4397 public Health Agency of Canada ឬតាមរយៈអ៊ីម៉ែ៖ E-mail phac.info.aspc@canada.ca Toll free :1-844-280-5020
ស្ថានឯកអគ្គរាជទូតកម្ពុជា តាមរយះលេខទូរស័ព្ទ ១-៣៤៧-៥៧៥-៨១៩៨ និង ១-៣៤៧-២៧៤-៥៤៨១ ឬតាមរយៈអ៊ីម៉ែ៖ Sovannke@gmail.com. ; houthsothea@gmail.com
សូមបញ្ជាក់ថា ប្រទេសកាណាដានិងប្រទេសសហរដ្ឋអាមេរិក បានសម្រេចបិទព្រំដែនជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី ២១ ខែមិនាឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ២១ ខែមេសាឆ្នាំ ២០២០ ប៉ុន្តែពលរដ្ឋកាណាដា ពលរដ្ឋអាមេរិក និងពលរដ្ឋរស់នៅអចិន្ត្រៃយ៍ អាចត្រឡប់ចូលប្រទេសរៀងៗខ្លួនវិញបាន។ ការធ្វើដំណើរចាំបាច់ និងពាណិជ្ជកម្មសំខាន់ៗទាំងអស់រវាងប្រទេសទាំងពីរ ត្រូវបានអនុញ្ញាតឲ្យនៅបន្តធ្វើ ជាពិសេសការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈនិងថ្នាំពេទ្យ៕