ក្រសួងធនធានទឹកគ្រោងបន្តស្តារព្រែកនានាជាប់ដងទន្លេដើម្បីទាញទឹកធ្វើកសិកម្ម

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ២០២០៖

ក្រសួងធនធានទឹកនិងឧតុនិយម គ្រោងបន្តស្តារព្រែកនានាជាប់ដងទន្លេ ដើម្បីធានាបានសន្តិសុខទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីដាំដុះនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិកា និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា ក្រសួងធន ធានទឹកបានសម្រេចជ្រើសរើសយកព្រែកមួយចំនួន នៅតាម ដងទន្លេមេគង្គលើ មេគង្គក្រោមនិងទន្លេបាសាក ទន្លេសាប ដើម្បីជីកស្តារយកដីល្បាប់ចេញអោយមានជម្រៅជ្រៅមានលទ្ធភាពទាញប្រ ភពទឹកទន្លេបានកាន់តែច្រើនសម្រាប់ការងារស្រោចស្រពផលដំណាំរបស់ប្រជាកសិករ។
ឯកឧត្តមបានបញ្ជាក់ថា គម្រោងសា្តរព្រែកទំាងនេះតាមលក្ខណៈបច្ចេកទេសក្រុមអ្នកជំនាញនឹងជីកព្រែកនោះអោយជ្រៅស្មើនឹង ជម្រៅមាត់ទន្លេរួចកសាងសំណង់ស្ទាក់ទឹកនៅនឹងមាត់ព្រែកនោះ ពោលគឺនៅរដូវទឹកឡើងគឺ បើកមាត់ព្រែកអោយទឹកហូរចូល ហើយពេលទឹកស្រកទៅទម្លាក់ទ្វារទឹកបិទមាត់ព្រែកដើម្បីស្ទាក់ទប់ទឹកកុំអោយហូរចេញត្រលប់ទៅវិញ ដើម្បីទុកទឹកនោះបំរើដល់វិស័យកសិកម្ម។បន្ថែមពីនេះទៀតក្រសួងនឹងតម្លើងស្ថានីយបូមទឹកចល័តនៅតាមព្រែកទំាងនោះ ដើម្បីទុក សំរាប់បូមទឹកទន្លេចូលទៅក្នុងព្រែកនារដូវប្រាំង ដែលឆ្លើយតបនឹងការងារដំាដុះបន្លែបង្ការ របស់ប្រជាកសិករ បន្ទាប់ពីការធ្វើស្រែហើយនោះ។
« ព្រែក គឺជាផ្លូវទឹកធម្មជាតិដែលនាំចរន្តទឹកចេញចូល បានន័យថា នៅពេលរដូវទឹកឡើង ព្រែកបានទាញ់ទឹកពីទន្លេមេហូរចូលទៅតាមវាលទំនាប បឹងបួរធម្មជាតិនៅផ្នែកខាងក្រោមជាដើម។ នៅពេលរដូវទឹកសម្រក ព្រែកក៏មានតួនាទីសំខាន់ណាស់ដែលក្នុងការខ្ជាក់ទឹកចេញពីវាលទំនាប បឹងបួរធម្មជាតិមកវិញ។ ប៉ុន្តែដោយសារតែយើមិនបានធ្វើការស្តារ ឫក៏ថែទាំក្នុងរយៈពេលច្រើនឆ្នាំ ធ្វើអោយព្រែកទាំងនោះបាត់បង់តួនាទីរបស់ខ្លួន ដោយសារការគោករាក់។
លោករស់ សុខុម ជាប្រជាពលរដ្ឋរស់នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលបានសាទរ ចំពោះគម្រេងស្តារព្រែកកទំាងនេះ ខណៈដែរ បណ្តាព្រែកមួយចំនួននៅក្នុងស្រុកខ្សាច់កណ្តាលបានគោករីងរាកស្ទើរតែបាត់រូបរាង ដូច្នេះប្រសិនបើ គម្រោងនេះបានស្តារព្រែកទំាងនោះមែន នឹងធ្វើឲ្យប្រជាកសិករអាចមានប្រភពទឹកកាន់តែគ្រប់គ្រាន់ទំាងការធ្វើស្រែ និងការដំាដុះដំណាំផ្សេងៗទៀតនៅក្នុងរដូវប្រាំងខាងមុខ ដោយពុំ ចាំបាច់ពឹងផ្អែកតែប្រភពទឹកបឹងមួយមុខទេ។
គួរំលឹកថា កន្លងមកនេះ ក្រសួងធនធានទឹកនិងឧតុនិយម និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD គ្រោងចំណាងថវិកាជាច្រើនដើម្បីយកទៅស្តារព្រែកទំាងអស់នៅតាមដងទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសាប និងបឹងទន្លេសាប ដោយត្រូវអនុវត្តជាជំហានៗក្រោមគម្រោងវិស័យទឹកនិងវិស័យកសិកម្ម៕