រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាចំនួន២៦៧លានដុល្លារអាមេរិក សម្រាប់គម្រោងជួសជុលកំណាត់ផ្លូវជាតិលេខ៥ចាប់ពីព្រែកក្ដាមដល់ក្រុងប៉ោយប៉ែតដែលមានប្រវែងសរុប ៣៧០គីឡូម៉ែត្រ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២៤ មីនា ២០២០

រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាចំនួន២៦៧លានដុល្លារអាមេរិក សម្រាប់គម្រោងជួសជុលកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាមដល់ក្រុងប៉ោយប៉ែត ដែលមានប្រវែងសរុប៣៧០គីឡូម៉ែត្រ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅវិមានសន្តិភាព នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ រវាងឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI MASAHIRO) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លើគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ដែលជាហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន ក្នុងទឹកប្រាក់ ចំនួន២៦៧លានដុល្លារអាមេរិក។
ឯកឧត្តម MIKAMI MASAHIRO បានអោយដឹងថា គម្រោងនេះ គឺ ជួសជុលកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាមដល់ក្រុងប៉ោយប៉ែត ដែលមានប្រវែងសរុប៣៧០គីឡូម៉ែត្រ ។ បែងចែកកំណាត់ផ្លូវជាប៣ធំៗ គឺកំណាត់ផ្លូវខាងត្បូង កណ្ដាល និងខាងជើង។ ការដ្ឋាននៃកំណាត់ផ្លូវខាងត្បូងមានចាប់ផ្ដើមមុនគេក្នុងឆ្នាំ២០១៨ ហើយបច្ចុប្បន្នការដ្ឋាននៃកំណាត់ផ្លូវទាំងអស់កំពុងដំណើរការ។
ឯកឧត្តម រំពឹងថាគម្រោងនេះនឹងចូលរួមចំណែក កាត់បន្ថយការកកស្ទះចរាចរណ៍ដែលនឹង កើតឡើងនៅផ្លូវជាតិលេខ៥ ដែលជាផ្លូវដ៏សំខាន់ សម្រាប់ភ័ស្ដុភារនៅក្នុងប្រទេសកម្ពុជា និងជំរុញអោយមានការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាបន្ថែមទៀត តាមរយៈការលើកស្ទួយពាណិជ្ជកម្មជាមួយប្រទេសថៃ និងពង្រីកការតភ្ជាប់នៅទូទាំងតំបន់ រួមទាំងប្រទេសវៀតណាម ផងដែរ៕