ស្ថានទូតកម្ពុជាប្រចាំវៀតណាមរំលឹកដល់សិស្សនិស្សិត បង្ការពីជំងឺកូវីដ១៩

វិទ្យុជាតិកម្ពុជា៖

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម រំលឹកដល់សិស្សនិស្សិត សិក្ខាកាមនិងប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមអនុវត្តវិធានការការពារខ្លួន ដើម្បីបង្ការពីជំងឺកូវីដ១៩។
យោងតាមសេចក្តីជូនដំណឹង របស់ស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានឲ្យដឹងថា ស្ថិតក្នុងស្ថានការណ៍នៃការរាលដាលជំងឺកូវីត១៩ស្ថានទូត បានក្រើនរំលឹកដល់សិស្ស និស្សិត សិក្ខាកាម និងប្រជាពលរដ្ឋកម្ពុជា កំពុងមានវត្តមាននៅក្នុងប្រទេសវៀតណាម ឲ្យពាក់ម៉ាស់ជាប់ជាប្រចាំ និងឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុល ចៀសសវាងការចេញខាងក្រៅ ឬនៅកន្លែងមានមនុស្សច្រើន ឬទីប្រជុំជន។
ជាមួយគ្នានេះ ពេលចូលដល់វៀតណាម ត្រូវរាយការណ៍ពីសុខភាព ប្រសិនបើមិនទាន់បានដាក់ដោយឡែក ព្រមទាំងត្រូវអនុវត្តវិធានការនៅដាច់ដោយឡែក ដោយខ្លួនឯងរយៈពេល១៤ថ្ងៃ នៅទីតាំងរស់នៅរបស់ខ្លួន គិតចាប់ពីថ្ងៃចូលដល់វៀតណាម។
គួររំឭកថា កាលពីថ្ងៃទី ១៩ខែមីនាឆ្នាំ ២០២០ សមត្ថកិច្ចពាក់ព័ន្ធនៃខេត្តស្វាយរៀង និងខេត្តតៃនិញ បានពិភាក្សាគ្នាពីការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកទ្វារអន្តរជាតិបាវិត ម៉ុកបាយ ដោយសម្រេចដាក់ចេញដំណោះស្រាយ៤ជម្រើស គឺ ១.អនុញ្ញាតឲ្យរថយន្តដឹកទំនិញ ចូលដល់តំបន់ស ហើយធ្វើការផ្លាស់ប្ដូរអ្នកបើកបរ ២. អនុញ្ញាតឲ្យរថយន្តដឹកទំនិញចូលដល់តំបន់ស និងប្ដូរក្បាលឡានសណ្ដោង ៣. អនុញ្ញាតឲ្យរថយន្តដឹកទំនិញ ចូលដល់តំបន់ស និងធ្វើការផ្ទេរទំនិញឬ ផ្ទេរកុងតឺន័រ និង៤. អនុញ្ញាតឲ្យរថយន្តដឹកទំនិញចេញពីវៀតណាម ចូលដល់ផែស្ងួតនៅក្បែរព្រំដែន រួចផ្ទេរទំនិញចេញ បន្ទាប់មកអាចផ្ទុកទំនិញនាំចេញពីកម្ពុជាទៅវិញ ដោយអ្នកបើកបរត្រូវស្លៀកពាក់ការពារមេរោគ៕