រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាចំនួន២លាន៧សែន៥ម៉ឺនដុល្លារអាមេរិក ដើម្បីទិញរថយន្ត និងសម្ភារៈការិយាល័យ សម្រាប់កិច្ចប្រជុំអាស៊ាន

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២៤ មីនា ២០២០៖

រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាចំនួន២លាន៧សែន៥ម៉ឺនដុល្លារអាមេរិក ដើម្បីទិញរថយន្ត និងសម្ភារៈការិយាល័យ សម្រាប់កិច្ចប្រជុំអាស៊ាន ដែលមានថ្នាក់ដឹកនាំកំពូលៗពីប្រទេសជាច្រើនចូលរួម។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅវិមានសន្តិភាព នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ រវាងឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI MASAHIRO) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លើគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ដែលជាហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន ក្នុងទឹកប្រាក់ចំនួន ២លាន៧សែន៥ម៉ឺនដុល្លារអាមេរិក។
ឯកឧត្តម MIKAMI MASAHIRO បានអោយដឹងថា គម្រោងនេះ ដើម្បីទិញរថយន្ត និងសម្ភារៈការិយាល័យ ដូចជាកុំព្យូទ័រជាដើម សម្រាប់កិច្ចប្រជុំអាស៊ាន ដែលនឹងរៀបចំនៅទីក្រុងភ្នំពេញក្នុងឆ្នាំ២០២០ ដែលមានថ្នាក់ដឹកនាំកំពូលៗពីប្រទេសជាច្រើនរួមទាំងប្រទេសជប៉ុន នឹងមកចូលរួមក្នុងកិច្ចប្រជុំនេះ។ឯកឧត្តម រំពឹងថាកិច្ចប្រជុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះនឹងទទួលបានជោគជ័យ។
សូមបញ្ជាក់ថា ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងជួយលើកកម្ពស់បន្ថែមទៀត នូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរ ផងដែរ៕