រដ្ឋបាលខេត្តឧត្តរមានជ័យ អំពាវនាវដល់ប្រជាពលរដ្ឋដែលធ្វើដំណើរទៅក្រៅប្រទេសហើយត្រឡប់មកកម្ពុជាវិញសូមដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយះពេល១៤ថ្ងៃសិន

វិទ្យុជាតិកម្ពុជា៖ ស្រីផល 24,03,2020៖

រដ្ឋបាលខេត្តឧត្តរមានជ័យ អំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅក្រៅប្រទេសនិងពលករដែលបានត្រឡប់មកកម្ពុជាវិញ សូមដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយះពេល១៤ថ្ងៃសិន មុននឹងជួបក្រុមគ្រួសារ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីត១៩។
យោងតាមសេចក្តីអំពាវនាវ របស់រដ្ឋបាលខេត្តឧត្តរមានជ័យបានឲ្យដឹងថា តាមស្ថានភាពជាក់ស្ដែង និងស្ថិតក្នុងស្ថានភាពជំងឺកូវីត១៩ ដែលកំពុងរីករាលដាលជាសកល និងដើម្បីចូលរួមក្នុងការការពារ និងទប់ស្កាត់ការរាតត្បាតនៃជំងឺនេះ ប្រជាពលរដ្ឋ ដែលបានធ្វើដំណើរទៅក្រៅប្រទេស នឹងបានវិលត្រលប់ចូលមកប្រទេសកម្ពុជាវិញ ក្នុងកំឡុងពេលនេះ សូមអនុវត្តនូវវិធានការការពារសុវត្ថិភាព ដោយដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃពីក្រុមគ្រួសារ និងសហគមន៍ (កាត់បន្ថយការទំនាក់ទំនងដោយផ្ទាល់ជាមួយមនុស្សជុំវិញ និងខាងក្រៅ ) រក្សាអនាម័យឱ្យបានស្អាតជាប្រចាំ ទាំងកន្លែងស្នាក់នៅ ខ្លួនប្រាណ និងសម្ភារៈប្រើប្រាស់នានា ។សូមមេត្តាផ្ដល់ព័ត៌មានជាបន្ទាន់ មកអាជ្ញាធរឬមន្ត្រីជំនាញសុខាភិបាល ដើម្បីចុះទៅពិនិត្យវិភាគ ឬបញ្ជូនសំណាកទៅធ្វើរោគវិនិច្ឆ័យ ពិសេសក្នុងករណីមានការសង្ស័យ មានរោគសញ្ញាដូចជា ក្តៅខ្លួន ក្អក ហៀរសំបោរ ពិបាកដកដង្ហើម សូមប្រញាប់ទាក់ទងក្រុមការងារឆ្លើយតបបន្ទាន់ថ្នាក់ខេត្ត តាមរយៈលេខទូរស័ព្ទ ០១២ ៤៩៩ ១៩២ ឬ១១៥ ។
សូមប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការផ្ដល់ព័ត៌មាន ក្នុងករណីមានការសង្ស័យអំពីការឆ្លងជំងឺកូវីត១៩ មកអាជ្ញាធរមានសមត្ថកិច្ច ឬមន្ត្រីសុខាភិបាលភិបាល ដែលនៅជិតបំផុតតាមរយៈលេខទូរសព្ទខាងលើ ដើម្បីរួមគ្នាចាត់វិធានការបង្ការការពារទប់ស្កាត់ និងព្យាបាលបានទាន់ពេលវេលា ធានាការពារទប់ស្កាត់បានការឆ្លងរីករាលដាលធ្ងន់ធ្ងរ។