រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាចំនួន៣១លានដុល្លាអាមេរិក ដើម្បីពង្រីកប្រព័ន្ធផ្តត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២៤ មីនា ២០២០៖

រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាចំនួន៣១លានដុល្លាអាមេរិក ដើម្បីពង្រីកប្រព័ន្ធផ្តត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ ខណៈតំបន់នេះប្រជាជនកំពុងមានការកើនឡើងយ៉ាងរហ័ស។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅវិមានសន្តិភាព នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ រវាងឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI MASAHIRO) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
ឯកឧត្តម MIKAMI MASAHIRO ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអោយដឹងថា គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ ដែលជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិកាចំនួន ៣១លានដុល្លារអាមេរិកនេះ ដើម្បីពង្រីករោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ក្នុងក្រុងតាខ្មៅ ខណៈដែលតំបន់នេះប្រជាជនកំពុងមានការកើនឡើងយ៉ាងរហ័ស។ គម្រោងនេះនឹងមានការចូលរួមប្រតិបត្តិការ និងគ្រប់គ្រងថែទាំរោងចក្រនេះ ដោយក្រុមហ៊ុនជប៉ុន។
ឯកឧត្តម បានបញ្ជាក់ថា ការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយស្ថេរភាពដល់ប្រជាពលរដ្ឋ ២៤ម៉ោងក្នុងមួយថ្ងៃ ៣៦៥ថ្ងៃក្នុងមួយឆ្នាំ គឺមិនមែនជារឿងងាយស្រួលនោះទេ។ ប្រតិបត្តិការ និងការគ្រប់គ្រងថែទាំក្នុងរោងចក្រប្រព្រឹត្តកម្មទឹកស្អាត គឺមានសារៈសំខាន់ណាស់ ។ឯកឧត្តម រំពឹងថាតាមរយៈការដាក់ចូលចំណេះដឹងនៃប្រតិបត្តិការនិងការគ្រប់គ្រងថែទាំរបស់ក្រុមហ៊ុនជប៉ុនក្នុងគម្រោងនេះ នឹងអាចបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹក ដល់រាជធានីភ្នំពេញនិងប្រជាជនក្នុងតំបន់៕