ក្រសួងធនធានទឹក អំពាវនាវដល់ពលរដ្ឋប្រុងប្រយ័ត្នចំពោះអាកាសធាតុក្តៅ នៅក្នុងសប្តាហ៍នេះ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៤ ០៣ ២០២០៖

ក្រសួងធនធានទឹក អំពាវនាវដល់ពលរដ្ឋប្រុងប្រយ័ត្នចំពោះអាកាសធាតុកើនឡើងនៃកម្តៅ ដែលអាចកើតមានបាតុភូតផ្គររន្ទះនៅក្នុងសប្តាហ៍នេះ។
ក្រសួងធនធានទឹកនិងឧតុនិយមបាន ឲ្យដឹងថា ស្ថានភាពធាតុអាកាសនៅកម្ពុជាចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០ នេះ កម្រិតសម្ពាធទាបនៅលើផ្ទៃដី និងសម្ពាធខ្ពស់នៅរយៈកម្ពស់គ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជា ។
ស្ថានភាពបែបនេះ ធ្វើឲ្យធាតុអាកាសបន្តក្តៅនៅពេលថ្ងៃ ដោយតាមការព្យាករណ៍ ចាប់ពីថ្ងៃទី ២៤ដល់ថ្ងៃទី២៩ ខែមីនា បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ផ្នែកមួយចំនួននៃ ខេត្ត ឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប ប៉ៃលិន បាត់ដំបង និងខេត្តព្រះវិហារ នឹងអាចមានភ្លៀងនៅក្នុង កម្រិតពីតិចទៅបង្គួរ និងសីតុណ្ហភាពអប្បបរមា មានចន្លោះពី ២៦-២៨°C និង សីតុណ្ហភាពអតិបរមា មានចន្លោះពី ៣៦-៣៩°c ។ ឯខេត្តដ៏ទៃទៀតនឹងអាចមានភ្លៀងខ្សោយ ។
ប្រភពដដែលបានបន្តថា បណ្តាខេត្តនៅខ្ពង់រាបឦសាន សីតុណ្ហភាពអតិបរមា មានចន្លោះពី ៣០-៣៥°c និង សីតុណ្ហភាពអប្បបរមា មានចន្លោះពី ២៥-២៧°C ផ្នែកខ្លះនឹងអាចមានភ្លៀងនៅក្នុងកម្រិត ពីតិចទៅមធ្យម ។ ចំណែកឯ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានចន្លោះពី ១៦-២៨°C និង សីតុណ្ហភាពអតិបរមា មានចន្លោះពី ៣៤-៣៦°C ផ្នែកមួយចំនួនអាចមានភ្លៀងនៅក្នុងកម្រិត ពីតិចទៅមធ្យម ផងដែរ ។
ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ សូមថែរក្សាសុខភាពចំពោះការកើនឡើងនៃកម្តៅ និងសូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ជាពិសេសបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ចាប់ពីថ្ងៃទី ២៤ដល់ថ្ងៃទី២៨ខែមីនា ៕