កម្ពុជាប្រារព្ធទិវាពិភពលោកកំចាត់រោគរបេងនៅថ្ងៃទី២៤ ខែមីនានេះ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៤ ០៣ ២០២០៖

កម្ពុជាប្រារព្ធទិវាពិភពលោកកំចាត់រោគរបេងនៅថ្ងៃទី២៤ ខែមីនានេះ ដើម្បីធ្វើយ៉ាងណារួមគ្នាលុបបំបាត់ជំងឺរបងឲ្យអស់នៅកម្ពុជា។
ការប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង នៅថ្ងៃទី២៤ ខែមីនានេះ ក្រោមប្រធានបទ ដល់ពេលដែលត្រូវបង្កើនល្បឿន ការឆ្លើយតប ដើម្បីបញ្ចប់ជំងឺរបេង គឺក្នុងគោលបំណងបន្តជំរុញនិងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការលើកកម្ពស់សុខភាពរបស់ប្រជាជនឲ្យបានកាន់តែទូលំទូលាយនិងបំផុសការយល់ដឹង ការយកចិត្តទុកដាក់ក្នុងការប្រយុទ្ធនឹងជំងឺរបេង ផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានយល់អំពីទំហំនៃបញ្ហានិងផលវិបាកនៃជំងឺរបេង សំដៅចូលរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម ព្រមទាំងលើកកម្ពស់តម្លៃនិងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិទាំងមូល។នេះបើយោងតាមសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសនៃការប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង។
សារលិខិតបានបន្តថា ព្រះរាជាណាចក្រកម្ពុជា បានសម្រេចសមិទ្ធផលគួរជាទីមោទនៈក្នុងការប្រយុទ្ធនឹងជំងឺរបេងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈដែលកាលពី២០ឆ្នាំមុន ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាអ្នកកើតជំងឺរបេងខ្ពស់ជាងគេក្នុងពិភពលោក ប៉ុន្តែក្នុងរយៈពេលយ៉ាងខ្លី កម្ពុជាបានក្លាយជាប្រទេសគំរូមួយសម្រាប់ពិភពលោក ចំពោះការងារកំចាត់រោគរបេងយ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធភាព ។ លទ្ធផលដ៏គាប់ប្រសើរនេះបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិយើង ដែលក្នុងនោះរាជរដ្ឋាភិបាលបានពង្រីកសេវាពិនិត្យនិងព្យាបាលជំងឺរបេង តាមយុទ្ធសាស្ត្រដូតស៍ នៅគ្រប់មន្ទីរពេទ្យបង្អែកមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងអស់ រួមទាំងថ្នាក់សហគមន៍ផងដែរនៅទូទាំងប្រទេស ។
ប្រភពដដែលបញ្ជាក់ថា ភាពជោគជ័យនេះ ដោយសារកម្ពុជា បានធ្វើការស្រាវជ្រាវនិងធ្វើការព្យាបាលជំងឺរបេងជូនប្រជាជនដោយឥតបង់ថ្លៃ ជាហេតុធ្វើឱ្យអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេងក្នុងប្រទេសកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំងច្រើនជាងប្រទេសដ៏ទៃ។ ជាក់ស្តែង អត្រាស្លាប់បានថយចុះពី៤២ករណីក្នុងចំណោមប្រជាជន១០០ ០០០នាក់នៅឆ្នាំ២០០០ មកត្រឹម១៨ករណីក្នុងចំណោមប្រជាជន១០០ ០០០នាក់នៅឆ្នាំ២០១៨ ដែលមានអត្រាធ្លាក់ចុះស្មើនឹង៥៧%។ រីឯអត្រាកើតមានជំងឺថ្មី(អាំងស៊ីដង់) បានធ្លាក់ចុះពី៥៧៥ករណីក្នុងចំណោមប្រជាជន១០០ ០០០នាក់នៅឆ្នាំ២០០០ មកត្រឹម៣០២ករណីក្នុងចំណោមប្រជាជន១០០ ០០០នាក់នៅឆ្នាំ២០១៨ ដែលស្មើនឹង៤៧%។ កម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្ស ពាក់ព័ន្ធនឹងអត្រាឈឺនិងស្លាប់ដោយ សារ ជំងឺរបេងនេះ រួចហើយនៅមុនកាលកំណត់៤ឆ្នាំ។ ជោគជ័យរបស់កម្ពុជាក្នុងការកំចាត់រោគរបេងគឺជាស្នាដៃមួយដែលមានប្រទេសក្នុងចំនួនតិចតួចប៉ុណ្ណោះអាចសម្រេចបាន ៕