រដ្ឋបាលរាជធានីភ្នំពេញកំពុងស្វែងរកម្ចាស់សម្លេងដែលផ្សាយព័ត៌មានមិនពិតថាអាជ្ញាធរគ្រោងបិទរាជធានីភ្នំពេញ ដើម្បីយកមកចាត់វិធានការណ៍តាមច្បាប់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖


លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ២៤ ខែមីនានេះ បានច្រានចោលការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ តាមបណ្ដាញសង្គមមួយចំនួន ដែលប្រឌិតថា អាជ្ញាធរនឹងបិទរាជធានីភ្នំពេញ ដើម្បីបង្ការ និងការពារការរីករាលដាលជំងឺកូវីដ១៩។
លោកម៉េតមាសភក្តីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ព័ត៌មានដែលថា នឹងបិទភ្នំពេញ ជាព័ត៌មានក្លែងក្លាយសុទ្ធសាធ។ សូមបងប្អូនមេត្តាកុំជឿ និងកុំ forward សារសំឡេងនេះបន្តទៀត នាំប្រជាពលរដ្ឋមានការយល់ច្រឡំ។
ប្រតិកម្មរបស់អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានធ្វើឡើងបន្ទាប់ពីមានការចែកចាយសំឡេងមួយ ដែលជនអនាមិកផ្ញើទៅកាន់អ្នកប្រើប្រាស់បណ្តាញសង្គម ដោយប្រាប់ថា អាជ្ញាធរគ្រោងបិទរាជធានីភ្នំពេញ ដោយសារសំឡេងនេះ ត្រូវបានចែកចាយជាបន្តបន្ទាប់។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអះអាងដែរថា អាជ្ញាធរកំពុងស្រាវជ្រាវស្វែងរកម្ចាស់សំឡេង ដែលថតជាសារនេះ ដើម្បីចាត់វិធានការតាមច្បាប់ ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យជួយផ្ដល់ព័ត៌មាន ដើម្បីឈានទៅរកម្ចាស់សំឡេងនោះ ដោយអាជ្ញាធរនឹងមានរង្វាន់លើកទឹកចិត្ត។
សូមបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះរីករាលដាលជំងឺកូវីដ១៩ ជនអនាមិកមួយចំនួន បានព្យាយាមផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ តាមបណ្ដាញសង្គមដើម្បីបង្កឲ្យមានការចលាចល និងបង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ៕