រដ្ឋបាលរាជធានីភ្នំពេញប្រកាសឲ្យប្រជាពលរដ្ឋរក្សាសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ

វិទ្យុជាតិកម្ពុជា៖ ស្រីផល 24,03,2020៖


រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសឲ្យប្រជាពលរដ្ឋរក្សាសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនិងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសាឆ្នាំ ២០២០ ខាងមុខនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូរដ៍ផូរផង់របស់ជាតិយើង រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗជាយុវជន យុវនារី សិស្ស និស្សិត និងកម្មករកម្មការនីទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ។ចូលរួមទប់ស្កាត់គ្រោះអគ្គីភ័យដោយប្រុងប្រយ័ត្ន និងម្ចាស់ការខ្ពស់ចំពោះភ្លើងទៀន ធូប ភ្លើងចង្រ្កាន ចរន្តអគ្គិសនី ដើម្បីរក្សាបានទ្រព្យសម្បត្តិ អាយុជីវិតផ្ទាល់ខ្លួននិងអ្នកដទៃ។សាលារាជធានីភ្នំពេញ ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋ ពិសេសយុវជន ចូលរួមលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ និងជៀសវាងដាច់ខាតការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្ស៉ៅ ទះគក់ដោយដៃ ឬវាយដោយរំពាត់ដល់អ្នកដំណើរ ឬជិះម៉ូតូ បង្ហោះប្រដេញគ្នាលេងនៅតាមផ្លូវ ដែលអាចនាំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ ប៉ះពាល់ដល់អាយុជីវិតផ្ទាល់ខ្លួននិងអ្នកដំណើរ ព្រមទាំងហាមដាច់ខាតការលេងល្បែងស៊ីសង អុជផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ដើម្បីរក្សានូវភាពថ្លៃថ្នូរ សាកសមជាកុលបុត្រកុលធីតាខ្មែរ។ ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព អនាម័យ ជាពិសេសវិធានការការពារវីរុសកូវីត១៩ ដោយប្រុងប្រយ័ត្នបំផុត។
សាលារាជធានីភ្នំពេញ ស្នើដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវសហការអនុវត្តនិងផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាព ព្រមទាំងចាត់វិធានការផ្លូវច្បាប់ ចំពោះអ្នកប្រព្រឹត្តអំពើមិនគប្បីខាងលើ ដែលបង្កឲ្យប៉ះពាល់ដល់ប្រពៃណី សេចក្តីថ្លៃថ្នូររបស់ជាតិ ក៏ដូចជាប៉ះពាល់ដល់សន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ។