សម្តេចតេជោហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់ប្រមាណ៣១០លានដុល្លារអាមេរិក​ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​លោក​ ជៀង​ យ៉ា​រ៉េត​ និង​លោក​ អ៊ូ​ កាណែល​៖

នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ នៅវិមានសន្តិភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់៣៤.១៣៨ លានយ៉េន (ប្រមាណ៣១០លានដុល្លារអាមេរិក) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា។
លិខិតប្ដូរសារដែលត្រូវចុះហត្ថលេខាដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការ និងឯកឧត្តមមិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន គ្របដណ្តប់លើការអនុវត្តគម្រោងហិរញ្ញប្បទានឥតសំណងចំនួន ៣គម្រោង និង ឥណទានសម្បទានចំនួន២គម្រោងដូចខាងក្រោម
ក. ហិរញ្ញប្បទាន សម្រាប់អនុវត្ត ÷
១. គម្រោងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅដែលមានទឹកប្រាក់ចំនួន ៣.៤២១លានយ៉េន (ប្រមាណ៣១លានដុល្លារអាមេរិក)។
២. គម្រោងសមាហរណកម្មការបោស សំអាតមីននិងសង្គ្រោះជនពិការ ដែលមានទឹកប្រាក់ចំនួន១.០០០លានយ៉េន (ប្រមាណ៩លានដុល្លារអាមេរិក)។
៣. គម្រោងកម្មវិធីអភិវឌ្ឍន៍ សេដ្ឋកិច្ចនិងសង្គមដែលមានទឹកប្រាក់ចំនួន ៣០០លានយ៉េន (ប្រមាណ២,៧លានដុល្លារអាមេរិក) ។
ខ. ឥណទានសម្បទានសម្រាប់អនុវត្ត គម្រោង២ដែលចុះហត្ថលេខាដោយឯក ឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នឧប្បនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ ជាមួយនឹងឯកឧត្តម Mikami Masahiroឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាដែលរួមមាន÷
១. គម្រោងធ្វើឱ្យប្រសើរនៅផ្លូវជាតិលេខ ៥ដំណាក់កាលទី២ (ធ្លាម្អម- និង សិរី សោភ័ណ្ឌ-ប៉ោយប៉ែត ដែលមានទឹកប្រាក់ចំនួន ១៧.៧០២ លានយ៉េន(ប្រមាណ ១៦១លានដុល្លារអាមេរិក)
២. គម្រោងធ្វើឱ្យប្រសើរនៅផ្លូវជាតិលេខ ៥ដំណាក់កាល៣ (ព្រែកក្តាម-ធ្លាម្អម) មានទឹកប្រាក់ ១១.៧១៥លានយ៉េន (ប្រមាណ១០៦ លានដុល្លារអាមេរិក)។
ហិរញ្ញប្បទាន និងឥណទានសម្បទានដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងជួយលើកកម្ពស់បន្ថែមទៀតនូវការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា ហើយព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ ផងដែរ។