ក្រុមគ្រូពេទ្យចិនចំនួន៧នាក់បានមកដល់កម្ពុជាហើយដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ នៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖

ក្រុមគ្រូពេទ្យចិនចំនួន៧នាក់បានមកដល់កម្ពុជាហើយនៅព្រឹកថ្ងៃទី២៣ ខែមីនានេះដើម្បីចូលរួមគ្នាប្រយុទ្ធប្រឆាំងជម្ងឺឆ្លងកូវីដ១៩នៅកម្ពុជា។
ក្រុមគ្រូពេទ្យចិនចំនួន៧នាក់រួមទំាងសម្ភារៈពេទ្យដែលមិត្តចិននាំមកជួយកម្ពុជា នៅថ្ងៃទី២៣ខែមីនានេះបានភ្ជាប់ជាមួយនឹងពាក្យស្លោកថា «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក» ដែលបង្ហាញពីសមាណចិត្តដ៏ល្អរបស់រដ្ឋាភិបាលចិន ក្នុងការជួយដល់ប្រទេស កម្ពុជាប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ឲ្យទទួលបានជោគជ័យ។
ក្នុងឱកាសដែលក្រុមគ្រូពេទ្យនិងសម្ភារៈបរិក្ខាសុខាភិបាលរបស់មិត្តចិនមកកាន់កម្ពុជា នោះ បានទទួលស្វាគមន៍យ៉ាងរាក់ទាក់ជាទីបំផុតពីឯកឧត្តម រដ្ឋមន្រ្តីម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខា ភិបាល ឯកឧត្ដម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ព្រមទំាងមន្រ្តី ជានខ្ពស់មួយចំនួនទៀត។
ឯកឧត្តម ម៉ម រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាន
មានប្រសាសន៍ថា ការមកដល់របស់ក្រុមគ្រូពេទ្យជំនាញចិន៧នាក់ ដែលមានបទពិសោធខ្ពស់ក្នុងការព្យាបាលកូវីដ១៩ ​ដោយនាំយកនូវសម្ភារបរិក្ខាពេទ្យជាច្រើនមកជាមួយផងនោះគឺបង្ហាញពី​កិច្ចសហការរវាងបងប្អូន ពេលដែលមានការបញ្ហាលំបាក ហើយនេះគឺជាកិច្ចសហប្រតិបត្តិការក្រោមការដឹកនាំ​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានរដ្ឋចិន ស៊ី ជីនភីង ដែលបង្ហាញឲ្យឃើញពីការរួមសុខរួមទុក្ខជាមួយគ្នា​ រវាងប្រជាជនចិននិងប្រជាជនកម្ពុជា ដូច្នេះគឺជាកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា។ ឯកឧត្តម ម៉ម ប៊ុនហេង បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់កុំស្លន់ស្លោខ្លាំងពេកទាក់ទងបញ្ហាមេរោគ Covid-19នេះ ហើយត្រូវមានការជឿជាក់លើរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងព្យាបាលនូវជំងឺនេះ ជាពិសេស ក្រោមកិច្ចសហប្រតិបត្តិការជាមួយភាគីចិន នាពេលនេះ។
លោលី សុវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រុមគ្រូពេទ្យជំនាញរបស់ ចិននឹងជួបពិភាក្សាគ្នាជាមួយក្រុមគ្រូពេទ្យជំនាញរបស់កម្ពុជា ដើម្បីរកយន្តការសំខាន់ៗឆ្ពោះទៅ បង្កាទប់ស្កាត់ជំងឺកូវីដ១៩នៅកម្ពុជា។
សូមបញ្ជាក់ថា រដ្ឋាភិបាលចិនបានផ្តល់សំភារបរិក្ខាចំនួន១១មុខមកកាន់កម្ពុជាតាមរយៈ ក្រុមគ្រូពេទ្យជំនាញ៧នេះ មានដូចជា ស្រោមដៃ ម៉ាស់វះកាត់ ម៉ាស់វេជ្ជសាស្រ្ត ម៉ាស់ មួក គម្របស្បែកជើង អាវអ៊ាម សម្លៀកបំពាក់សុវត្ថិភាពសុខាភិបាល របាំងមុខវេជ្ជ សាស្រ្ត ទែម៉ូម៉ែត្រវាស់កំដៅប្រើអិនហ្វារ៉េត និងវែនតាសុវត្ថិភាព៕