អាជ្ញាធរខេត្តព្រះសីហុន ប្រកាសយកមន្ទីរពេទ្យបង្អែកខេត្ត សណ្ឋាគារចំនួន២កន្លែង និងអគារមួយចំនួន ត្រៀមទុកដាក់អ្នកជំងឺកូវីដ-១៩

វិទ្យុជាតិកម្ពុជា៖ លោកស្រី ទុយ សូលីដា ២២.០៣.២០២០៖

អភិបាលខេត្តព្រះសីហនុ ប្រកាសយកមន្ទីរពេទ្យបង្អែកខេត្ត សណ្ឋាគារចំនួន២កន្លែង និង អគារមួយចំនួនទៀត សំរាប់ដាក់អ្នកផ្ទុកជំងឺ និងអ្នកសង្ស័យថាមានឆ្លងកូវីដ១៩ ដើម្បីបង្ការទប់ស្កាត់ និងការឆ្លងរីករាលដាល ។
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រកាសថា រដ្ឋបាលខេត្តបានត្រៀមអគារព្យាបាល នៃមន្ទីរពេទ្យបង្អែកខេត្តមានចំនួន ២១ បន្ទប់ ស្មើនឹង ៤២គ្រែ និងសណ្ឋាគារ ចំនួន ២កន្លែង សរុបចំនួន១០៦ បន្ទប់ស្មើ នឹង ២០២ គ្រែ សរុបទាំងអស់ គឺមានចំនួន ១២៧ បន្ទប់ស្មើនឹង ២៤៤ គ្រែ និងបានត្រៀមអគារមួយចំនួនទៀតសម្រាប់ទុកដាក់អ្នកជំងឺកូវីដ ១៩ ។
ឯកឧត្តម បញ្ជាក់ថា ចំពោះប្រជាពលរដ្ឋ និងពលករដែលត្រឡប់មកពីប្រទេសថៃថ្មីៗនេះ សូមដាក់ឱ្យស្នាក់នៅដាច់ដោយឡែកពីក្រុមគ្រួសារសាច់ញាតិរបស់ខ្លួន រយៈពេល១៤ ថ្ងៃសិន ។ ប្រសិនបើមានករណីសង្ស័យ ថាមានកូវីដ១៩ ត្រូវរាយការណ៍ជាបន្ទាន់ ទៅគ្រូពេទ្យដែលប្រចាំការនៅតាមមណ្ឌលសុខភាព ឬក៏ទំនាក់ទំនងតាមលេខ ទូរសព្ទពិសេសដែលរដ្ឋបាលខេត្តព្រះសីហនុបានផ្តល់ជូន ។
ឯកឧត្តម បន្តថា ដោយឡែកចំពោះអ្នកដែលផ្ទុកវីរុសកូវីដ១៩ ទាំង៣២នាក់ ត្រូវបានដាក់ឲ្យនៅសម្រាកព្យាបាល តាមបន្ទប់ដាច់ដោយឡែកនៅសណ្ឋាគារមួយ ដោយមានក្រុមគ្រូពេទ្យជំនាញ នៅប្រចាំការដើម្បីតាមដាននិងព្យាបាលជំងឺពួកគាត់នៅក្នុងសណ្ឋាគារនោះតែម្ដង និងបានដាក់ពង្រាយកម្លាំងសមត្ថកិច្ចការពារ ដោយមិនឲ្យមាន ការចេញចូលដោយគ្មានការអនុញ្ញាតឡើយ។
ឯកឧត្តម គួច ចំរើន បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនជាគ្មានការចាំបាច់ទេ ប្រជាពលរដ្ឋ គ្រប់រូបគួរតែ នៅក្នុងផ្ទះរៀងៗខ្លួនដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួននិងចូលរួមទាំងអស់គ្នាដើម្បីជៀសឱ្យឆ្ងាយពីជម្ងឺ កូវីដ១៩ ។
សំឡេង៖ ខ្ញុំសូមយកឱកាសនេះ ដើម្បីអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋយើងទាំងអស់ យើងត្រូវចូលរួមទាំងអស់គ្នា យើងត្រូវតែចូលរួម ដើម្បីទប់ទល់ការពារនឹងបញ្ហាខូច 19 នេះ ទីមួយម្នាក់ៗ ត្រូវមានភាពម្ចាស់ការ ក្នុងការធ្វើអនាម័យជាប្រចាំ ឱ្យរាងកាយស្អាតបាត ខូចវិត 19 មិនអាចឆ្លងកាត់បាន ក្នុងករណីសង្ស័យ យើងមិនអាចចាំតែខាងសុខាភិបាលប៉ុណ្ណោះទេ គឺយើងត្រូវតែផ្ដល់ដំណឹងទៅភ្លាម ប្រជាពលរដ្ឋណាមួយដែលយើងមានការសង្ស័យមកពីតំបន់ខាងក្រៅ យើងត្រូវតែជួយណែនាំគាត់ ឲ្យនៅដាច់អាល័យពីគេ កុំឲ្យឆ្លងរីករាលដាលទៅអ្នកដទៃ» ។
ឯកឧត្តម បញ្ជាក់ថា ក្រៅពីនេះ មន្ត្រីរាជការក៏ដោយប្រសិនបើគ្មានការចាំបាច់ធំដុំទេគឺមិនបាច់ជួបជុំគ្នាទេនាំគ្នាធ្វើការតាមប្រព័ន្ធអនឡាញ នាំគ្នាធ្វើការតាមទូរសព្ទក៏បានដែរ។ ឯកឧត្តម ក៏បានណែនាំឱ្យមន្ត្រី ទាំងអស់គ្នា ធ្វើជាភ្នាក់ងារសន្តិសុខ សម្រាប់ការអប់រំណែនាំ ឬក៏ដាក់កំហិតទៅប្រជាពលរដ្ឋ ឬមន្ត្រីគ្នាឯងណាដែលយើងដឹងថា គាត់មានការសង្ស័យឬការពាក់ព័ន្ធនឹងអ្នកដែលអាចឆ្លងជំងឺកូវីដ១៩ ត្រូវក្តាប់ឱ្យបាន៕