អ្នកនាំពាក្យរាជរដ្ឋាភិបាល អំពាវឲ្យប្រជាពលរដ្ឋកុំមានការព្រួយបារម្ភឬស្លន់ស្លោ ចំពោះការឆ្លងវីរុសខូវីដ១៩

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ23,03,2020

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា អំពាវឲ្យប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ ឬស្លន់ស្លោ ចំពោះការឆ្លងវីរុសខូវីដ១៩ ខណៈជំងឺនេះស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាននៅឡើយ។

យោងតាមសេចក្តីជូនដំណឹងអំពាវនាវ របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ដោយមានការកត់សំគាល់ ក្នុងរយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋកម្ពុជាមួយចំនួនតូច ហាក់បីដូចជាមានការភ័យខ្លាចស្លន់ស្លោ រហូតដល់មានការយល់ច្រឡំ អំពីអាការៈជំងឺផ្សេងៗ ដូចជាជំងឺផ្តាសាយធម្មតា ផ្តាសាយធំ និងជំងឺរលាកសួត ជំងឺរលាកផ្លូវដង្ហើម និងអាការៈនៃជំងឺផ្សេងៗទៀត ទៅនឹងអាការៈនៃវីរុសកូវីដ១៩ រហូតដល់មានការសម្រុកមកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅរាជធានីភ្នំពេញនិងមន្ទីរពេទ្យបង្អែកតាមបណ្តាខេត្តមួយចំនួនច្រើនហួសពីការរំពឹងទុក។ 

ហេតុដូចនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមអំពាវនាវប្រជាពលរដ្ឋ គប្បីងាកទៅ ប្រើប្រាស់មូលដ្ឋានសុខាភិបាល ដូចជាមណ្ឌលសុខភាពដែលនៅជិតផ្ទះ នឹងបន្តអនុវត្តវិធានការប្រុងប្រយ័ត្ន និងរក្សាអនាម័យខ្ពស់ ដើម្បីកាត់បន្ថយការប៉ះពាល់ នឹងការចម្លងជម្ងឺមួយចំនួន ដោយប្រកាន់ភ្ជាប់ការរស់នៅប្រកបដោយអនាម័យស្អាត លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត      ជេល ឬអាកុល ខ្ទប់មាត់និងច្រមុះ នៅពេលក្អកឬកណ្ដាស់ ដោយប្រើម៉ាស់ ឬកន្សែងដៃ ក្រមា ក្រដាសជូតមាត់ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ និងជៀសវាងទាក់ទងជិតស្និទ្ធជាមួយបុគ្គលដែលមានរោគសញ្ញាផ្លូវដង្ហើម ដូចជាក្អក និងកណ្ដាស់ញឹកញាប់ជាដើម ដែលជាអាការៈសង្ស័យនៃការឆ្លងវីរុសកូវីដ១៩។  

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុវត្តន៍នូវវិធានការយ៉ាងយកចិត្តទុកដាក់ និងដោយហ្មត់ចត់ជាទីបំផុត ក្នុងការបំពេញភារកិច្ចការពារ ព្យាបាល និងទប់ស្កាត់ការចម្លងនៃវីរុសកូវីដ១៩  ហេតុដូចនេះ សូមប្រជាពលរដ្ឋទាំងអស់ ត្រូវរួបរួមគ្នាដោយស្មារតីខ្ពស់ កុំមានការបារម្ភឬស្លន់ស្លោខ្លាំងហួសហេតុពេក ខណៈករណីឆ្លងវីរុសកូវីត១៩នៅកម្ពុជា គឺស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបានឡើយ ហើយករណីនេះក៏នឹងអាចត្រូវបានព្យាបាលជាសះស្បើយទៅវិញដែរ៕