រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមកពីក្រៅប្រទេសទាំងអស់ ជាពិសេសប្រទេសថៃ ត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៣ ០៣ ២០២០៖

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមកពីក្រៅប្រទេសទាំងអស់ ជាពិសេសប្រទេសថៃ ត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន ដើម្បីបង្ការទប់ស្កាត់ ការរីករាលដាលនៃវីរុសកូវីដ១៩ ។
យោងតាមសេចក្តីប្រកាសព៏ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងនៅថ្ងៃទី ២៣ ខែមីនាថា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងការចម្លងមេរោគកូវីដ ១៩ (COVID-19) នៅក្នុងរាជធានីភ្នំពេញ ក៏ដូចក្នុងព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញស្នើបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលទើប ត្រលប់មកពីធ្វើការនៅព្រះរាជាណាចក្រថៃ និងពីបណ្តាប្រទេសមួយចំនួនទៀត ត្រូវអនុវត្តដូចជា ១ ត្រូវជូនដំណឹងទៅរដ្ឋបាលខណ្ឌទាំង១៤ ដូចមានតារាងលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង ដែលជាឯកសារឧបសម្ព័ន្ធ ។ ២ ត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ដោយអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ។ ក្នុងករណីដែលបងប្អូនមានការលំបាកក្នុងការអនុវត្តសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីមានមូលដ្ឋានដោះស្រាយបញ្ហាជូន ។ ៣ ក្នុងករណីដែលបងប្អូនមានអាការមួយចំនួន ដូចជាក្អក ឡើងកម្ដៅ ៣៨ ដឺក្រេ ពិបាកដកដង្ហើមដែលសង្ស័យថាអាចមានផ្ទុកមេរោគកូវីដ១៩(COVID-19) សូមបងប្អូនទំនាក់ទំនងតាមរយៈលេខទូរស័ព្ទដូចមានឯកសារឧបសម្ព័ន្ធភ្ជាប់មកជាមួយឬអាចទំនាក់ទំនងដោយផ្ទាល់ទៅអាជ្ញាធរភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ និងរដ្ឋបាលសង្កាត់ និងមន្ទីរពេទ្យរដ្ឋ ដែលនៅជិតទីកន្លែងរស់នៅរបស់បងប្អូន ជាបន្ទាន់ ។ និងទី ៤ អាជ្ញាធរភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ និងរដ្ឋបាលសង្កាត់ត្រូវរាយការណ៍បន្ទាន់ក្នុងករណី ដែលទទួលបានព័ត៌មានថាមានបងប្អូនប្រជាពលរដ្ឋដែលទើបអញ្ជើញត្រលប់មកពីធ្វើការនៅព្រះរាជាណាចក្រថៃ និងពីបណ្តាប្រទេសមួយចំនួនទៀត ទៅរដ្ឋបាលខណ្ឌ ដើម្បីអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរាលដាលនៃមេរោគកូវីដ (COVID-19) និងត្រូវចុះអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នោះ អំពីការដាក់ខ្លួនឱ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ។
រដ្ឋបាលរាជធានីភ្នំពេញមានក្តីសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទើបអញ្ជើញត្រលប់មកពីធ្វើការនៅព្រះរាជាណាចក្រថៃ និងពីបណ្តាប្រទេសមួយចំនួនទៀត ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ ១៩ (Covid-19) នេះ ដើម្បីសេចក្តីសុខក្រុមគ្រួសារជាទីស្រឡាញ់ សាច់ញាតិក៏ដូចសង្គមជាតិយើងផងដែរ ៕