រដ្ឋបាលខេត្តបន្ទាយមានជ័យ ត្រៀមកន្លែងរួចរាល់ដើម្បីត្រួតពិនិត្យសុខភាព ពលករខ្មែរដែលចេញពីប្រទេសថៃ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ23,03,2020
រដ្ឋបាលខេត្តបន្ទាយមានជ័យ ត្រៀមកន្លែងរួចរាល់នៅទីរួមខេត្ត ដើម្បីដាក់ពលករខ្មែរ ដែលចេញពីប្រទេសថៃ ដើម្បីត្រួតពិនិត្យតាមដានសុខភាពជាមុនសិន មុននឹងអនុញត្តឲ្យពួកគេទៅជួបជុំក្រុមគ្រួសារ ដើម្បីទប់ស្កាត់ការឆ្លងជំងឺCovid-19 នៅក្នុងសហគមន៍ ។

លោកវិជ្ជបណ្ឌិតកែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា  អភិបាលនៃគណៈអភិបាលខេត្ត បានស្នើឲ្យ មេឃុំ មេភូមិ ប៉ូលិសប៉ុស្តិ៍នៅតាមមូលដ្ឋានទាំងអស់   ត្រូវចុះណែនាំអ្នកដែលទើបតែមកពីបរទេសពិសេសប្រទេសថៃ ត្រូវឲ្យពួកគាត់រស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន ។ 

លោកវិជ្ជបណ្ឌិតបានបន្តទៀតថា ដើម្បីការពារនិងទប់ស្កាត់ការឆ្លងជំងឺCovid-19 នៅក្នុងសហគមន៍ អាជ្ញាធរខេត្ត បានត្រៀមរៀបចំសាលាបឋមសិក្សាមួយកន្លែងនៅក្នុងខេត្ត ដើម្បីយកប្រជាពលរដ្ឋ ដែលទើបត្រលប់មកពីប្រទេសថៃ ត្រូវធ្វើតេស្តត្រួតពិនិត្យសុខភាពជាមុនសិន

ហើយប្រសិនជាធ្វើតេស្តអវិជ្ជាមាន នឹងអនុញ្ញាតឲ្យពួកគាត់ត្រលប់ទៅជួបជុំក្រុមគ្រួសារបាន។ 

សំឡេង៖ «មន្ទីរសុខាភិបាលបានរៀបចំកិច្ចការនានាមួយចំនួនដើម្បីផ្សព្វផ្សាយ ហើយចំពោះពលករដែលទើបត្រឡប់មកពីប្រទេសថៃ ត្រូវនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃសិន ដោយយើងនឹងរៀបចំឱ្យមេឃុំ មេភូមិ ស្រង់ស្ថិតិពលរដ្ឋ ដើម្បីធ្វើការត្រួតពិនិត្យសុខភាពជាមុនសិន។  ក្នុងលោកដែរអភិបាលខេត្ត  នឹងយកសាលារៀនណាមួយ ដើម្បីរង់ចាំលទ្ធផលឆ្លើយតបពីវិទ្យាស្ថានប៉ាស្ទ័រ គឺយើងទុកឲ្យពួកគាត់នៅទីនេះ។ ហើយប្រសិនបើសិនឃើញមានវិជ្ជមានគឺយើងនឹងព្យាបាលពួកគាត់នៅទីនោះតែម្ដង។ ហើយប្រសិនជាមានអាការៈណាដូចជាហៀសំបោរ ឈឺក ថប់ដង្ហើម ក្អក គឺសូមឲ្យពួកគាត់ ទៅមន្ទីពេទ្យណា ដែលនៅជិតផ្ទះគាត់បំផុត ដើម្បីកាត់បន្ថយការចម្លងនៅត្រឹមគាត់ ដើម្បីកុំឲ្យចម្លងមកកូនចៅរបស់គាត់ ព្រោះកាលណាបើឆ្លងទៅដល់កូនចៅរបស់គាត់ អញ្ចឹងយើងឲ្យពលករទាំងអស់ ដោយទើបតែត្រឡប់មកត្រូវមានការប្រុងប្រយ័ត្ន កុំអាលទៅផឹកស៊ីជួបជុំបងប្អូន ត្រូវផ្ដាច់ខ្លួននៅឲ្យឆ្ងាយពីក្រុមគ្រួសារមួយរយៈសិនមន្ត្រីពេទ្យចុះទៅត្រួតពិនិត្យ។»

លោកវិជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា ចំពោះដែលបានឆ្លងខូវីដ១៩ នៅក្នុងខេត្តបន្ទាយមានជ័យ រហូតមកទល់ពេលនេះគឺមានសុខភាពល្អធម្មតាទេ៕