មន្ទីរសុខាភិបាលខេត្តកំពង់ចាម បានណែនាំដល់អ្នកដែលមកពីក្រៅប្រទេស ត្រូវនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៣ ០៣ ២០២០៖

មន្ទីរសុខាភិបាលខេត្តកំពង់ចាម បានណែនាំដល់អ្នកដែលមកពីក្រៅប្រទេសត្រូវនៅដាច់ដោយ ឡែករយៈពេល១៤ថ្ងៃ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩។
លោកវេជ្ជបណ្ឌិត គឹម សួរភិរុណ ប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា មន្ទីរកំពុងខិតខំធ្វើការអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលទើបអញ្ជើញមកពីក្រៅប្រទេស ត្រូវនៅម្នាក់ឯងរយៈពេល ១៤ ថ្ងៃសិន ដើម្បីបង្ការការការពារ កុំឲ្យឆ្លងជំងឺនេះ។
សំឡេង«មន្ទីរបានខិតខំធ្វើការអប់រំផ្សព្វផ្សាយបងប្អូនប្រជាពលរដ្ឋជាពិសេសអ្នកដែលទើបអញ្ជើញមកពីក្រៅប្រទេស គឺឲ្យគាត់ស្នាក់នៅដាច់ដោយឡែកនៅតាមផ្ទះរៀងៗខ្លួនរយៈពេល១៤ថ្ងៃ ហើយសម្រាប់អ្នកដែលប្រឈមខ្ពស់យើងនិងរៀបចំយកវត្ថុសំណាករបស់គាត់យកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ ។ សំខាន់គឺយើងណែនាំគាត់ឲ្យនៅដាច់ដោយឡែកនៅផ្ទះរបស់គាត់រៀងៗខ្លួនយើងមានការណែនាំគោរពគោលការអនាម័យឲ្យបានត្រឹមត្រូវ »។
លោកវេជ្ជបណ្ឌិត គឹម សួរភិរុណបញ្ជាក់ថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលដាក់ឲ្យនៅដាច់ដោយឡែកនេះនៅពេលមានរោគសញ្ញាណាមួយកើតឡើង ត្រូវទូរស័ព្ទជាបន្ទាន់ទៅកាន់លេខ ១១៥ ដើម្បីពិគ្រោះយោបល់ជាមួយមន្ដ្រីសុខាភិបាល ពិសេសនៅពេលមិនស្រួលខ្លួន ត្រូវទៅជួបជាមួយមន្ដ្រីសុខាភិបាលមូលដ្ឋានជាបន្ទាន់ ដើម្បីពិនិត្យតាមដានស្ថានភាពជម្ងឺនេះកុំឲ្យឆ្លង ទៅដល់អ្នកដ៏ទៃពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងទៅសហគមន៍។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី២៣ ខែមីនា នេះ នៅទូទាំងប្រទេស មានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន៨៦នាក់ ក្នុងនោះ ខេត្តកំពង់ចាមមាន ១១ ករណី ខ្មែរ ១ នាក់ អង់គ្លេស ៣នាក់ និង ម៉ាឡេស៊ី ៧នាក់ ខណៈជនជាតិអង់គ្លេស ១នាក់បានជាសះស្បើយ ៕