ព្រឹទ្ធសភាគាំទ្រឱ្យរាជរដ្ឋាភិបាលប្តូរឈ្មោះក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» 

វិទ្យុជាតិកម្ពុុជា៖ចេមហួត

ភ្នំពេេញ៖ព្រឹទ្ធសភាគាំទ្រឱ្យរាជរដ្ឋាភិបាលប្តូរឈ្មោះក្រសួងឧស្សាហកម្ម និងសិប្បកម្មទៅជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដើម្បីឱ្យស្របបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០។

នៅក្នុងកិច្ចប្រជុំវិសាមញ្ញ នីតិកាលទី៤ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០សមាជិកព្រឹទ្ធសភាចំនួន៥២រូប ក្រោមការដឹកនាំសម្តេចវិបុលសេនាភក្តីសាយឈំប្រធានព្រឹទ្ធសភា បានលើកដៃអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនុវានុវត្តន៍ជាផ្លូវការហើយដោយចាត់ទុកជាការប្រញាប់។

ឯកឧត្តមម៉មប៊ុន នាងសាមជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភាបានប្រាប់អ្នកសារព័ត៌មានថា  ការផ្លាស់ប្តូរឈ្មោះក្រសួងនេះ នឹងធ្វើឲ្យកម្ពុជាមានស្ថាប័នមួយទទួលបន្ទុកច្បាស់លាស់ និងជាក់លាក់ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការលើកទឹកចិត្តចំពោះរបកគំហើញថ្មីៗ និងនវានុវត្តន៍។

សំឡេង៖«ការបង្កើតក្រសួងថ្មីនេះ…នេះគឺជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលយើង»។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដែលជារដ្ឋមន្រ្តីគ្រប់គ្រងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះ បានបញ្ជាក់ថា ការសម្រេចប្តូរឈ្មោះក្រសួងនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ស្របតាមបរិបទនៃបច្ចេកវិទ្យា វិទ្យាសាស្ត្រ ក៏ដូចជា របកគំហើញដែលកំពុងវិវត្តន៍ទៅយ៉ាងឆាប់រហ័សដោយមានលក្ខណៈជាសកល និងដើម្បីធ្វើឲ្យផ្នែកស្រាវជ្រាវរបស់កម្ពុជាលើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និង របកគំហើញផ្សេងៗ ទទួលបានប្រសិទ្ធភាព និងពង្រីកសក្តានុពលឲ្យបានទូលំទូលាយ ក្នុងយុគសម័យបច្ចុប្បន្ន និងទៅអនាគត ព្រមទាំងជំរុញ និងអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រឲ្យមានការរីកចម្រើន និងជំរុញការផ្ទេរបច្ចេកវិទ្យា ស្របតាម បរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០។

សូមបញ្ជាក់ថា ក្រៅពីអនុម័តអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនុវានុវត្តន៍នេះ អង្គព្រឹទ្ធសភាក៏បានអនុម័តសេចក្តីព្រាងច្បាប់ចំនួន៥ផ្សេងទៀតផងគឺសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីពីរ ស្តីពីវិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីបី ស្តីពីវិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មទំនិញអាស៊ាន។សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត រវាង កម្ពុជា និងប្រទេសវៀតណាម និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នា ទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌរវាងកម្ពុជា និងប្រទេសវៀតណាម៕