សម្ដេចតេជោ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុនដែលមានទឹកប្រាក់ ប្រមាណ៣១០លានដុល្លារអាមេរិក នៅថ្ងៃទី២៤ ខែមីនា

វិទ្យុជាតិកម្ពុជា៖ លោកអាត ចន្ធូ
MC៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន៣៤.១៣៨ លានយ៉េន (ប្រមាណ៣១០លានដុល្លារអាមេរិក) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលបានចេញផ្សាយនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ០៩:០០ ព្រឹក នៅវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន៣៤.១៣៨ លានយ៉េន (ប្រមាណ៣១០លានដុល្លារអាមេរិក) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា។
សេចក្ដីប្រកាសដដែលបន្ដថា លិខិតប្តូរសារដែលនឹងត្រូវចុះហត្ថលេខាដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា គ្របដណ្តប់លើការអនុវត្តគម្រោងហិរញ្ញប្បទានឥតសំណងចំនួន៣គម្រោង រួមមាន៖ ១. គម្រោងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅដែលមានទឹកប្រាក់ចំនួន ៣.៤២១លានយ៉េន (ប្រមាណ៣១លានដុល្លារអាមេរិក) ២. គម្រោងសមាហរណកម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីនដែលមានទឹកប្រាក់ចំនួន១.០០០លានយ៉េន (ប្រមាណ៩លានដុល្លារអាមេរិក) ៣. គម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ដែលមានទឹកប្រាក់ចំនួន៣០០លានយ៉េន (ប្រមាណ២,៧លានដុល្លារអាមេរិក) ។ និង គម្រោងឥណទានសម្បទាន ចំនួន២គម្រោង ដូចជា៖ ១. គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី២ (ធ្លាម្អម-បាត់ដំបង និង សិរីសោភ័ណ្ឌ-ប៉ោយប៉ែត) ដែលមានទឹកប្រាក់ ១៧.៧០២ លានយ៉េន (ប្រមាណ១៦១លានដុល្លារអាមេរិក) និង២. គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី៣ (ព្រែកក្តាម-ធ្លាម្អម) ដែលមានទឹកប្រាក់ ១១.៧១៥លានយ៉េន (ប្រមាណ១០៦,៥ លានដុល្លារអាមេរិក)។
សូមបញ្ជាក់ថា ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះនឹងជួយលើកកម្ពស់បន្ថែមទៀតនូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរផងដែរ៕