សេដ្ឋី ជែក ម៉ា ផ្តល់សម្ភារវេជ្ជសាស្រ្តទៅឲ្យប្រទេសក្នុងអាស៊ីចំនួន១០ទៀត

វិទ្យុជាតិកម្ពុជា, អត្ថបទ៖ វ៉ាង ភក្តី
MC: មូលនិធិ ជែក ម៉ា (Jack Ma Foundation) និងមូលនិធិ អាលីបាបា (Alibaba Foundation) បានប្រកាសអំពីផែនការក្នុងការផ្តល់អំណោយជាសម្ភារបិរក្ខារពេទ្យដែលគេកំពុងត្រូវការខ្លាំងនោះទៅដល់ប្រទេសចំនួន១០ទៀតក្នុងទ្វីបអាស៊ី ដើម្បីជាជំនួយក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃមេរោគ កូវីដ១៩។

តាមរយៈទីភ្នាក់ងារនៅរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ លោក ជែក ម៉ា បានឲ្យដឹងថា ប្រទេសដែលទទួលជំនួយនេះ មានដូចជា៖ រដ្ឋាភិបាលអាហ្គានីស្ថាន បង់ក្លាដេស កម្ពុជា ឡាវ ម៉ាល់ឌីវ ម៉ង់ហ្គោលី មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន ស្រីលង្ការ ដែលមានអំណោយជាម៉ាសសរុបចំនួន១,៨លានម៉ាស, កញ្ចប់ធ្វើតេស្តរកមេរោគកូវីដ១៩ ចំនួន២១ម៉ឺនកញ្ចប់, សំលៀកបំពាក់ការពារខ្លួនចំនួន៣៦.០០០សម្រាប់ ក៏ដូចជាឧបករណ៍បរិក្ខារពេទ្យចាំបាច់ដទៃទៀតរួមមានកង្ហារខ្យល់ និងទែរម៉ូមែត្រស្ទង់កម្តៅថ្ងាស់ ពីមូលនីធិទាំងពីរនេះ។
លោក ជែក ម៉ា បានបន្តថា ការដឹកជញ្ជូនជំនួយនេះនឹងប្រើប្រាស់សមត្ថភាពដ៏ខ្លាំងក្លានៃវេទិកាពាណិជ្ជកម្មពិភពលោកអេឡិចត្រូនិក (eWTP) ដើម្បីជំនះនូវបញ្ហាប្រឈមផ្នែកភស្តុភា និងគមនាគមន៍នៅតាមបណ្តាប្រទេសដែលទទួលក៏ដូចជាភាពដាច់ស្រយាលភូមិសាស្រ្តនៃប្រទេសទាំងនោះ។
លោក ជុនតាវ សុង អគ្គលេខាធិការនៃវេទិកាពាណិជ្ជកម្មពិភពលោកអេឡិចត្រូនិក មានប្រសាសន៍ថា “ជំងឺរាតត្បាតនេះបានធ្វើឲ្យការដឹកជញ្ជូនរបស់ពិភពលោកមានភាពកកស្ទះ។ ដោយមានជំនួយនេះ យើងកំពុងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីពន្លឿនការដឹកជញ្ជូន និងផ្តល់នូវការផ្គត់ផ្គង់បន្ថែមទៀតដល់សហគមន៍ដាច់ស្រយាលដែលពួកគាត់មានសេចក្តីត្រូវបរិក្ខារពេទ្យខ្លាំងបំផុត។
សូមបញ្ជាក់ថា នាដើមសប្តាហ៍នេះ មូលនិធិទាំងពីរបានប្រកាសផ្តល់សម្ភារបរិក្ខារពេទ្យដល់ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ និងហ្វីលីពីន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃមេរោគកូវីដ១៩៕