ស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី ណែនាំដល់ពលករខ្មែរបើសង្ស័យមានមេរោគសញ្ញា COIVD-19 ត្រូវទៅពិនិត្យសុខភាព

វិទ្យុជាតិកម្ពុជា:ហាន់ ស្រីណាថ្ងៃទី២៣ខែមីនាឆ្នាំ២០២០

MC: ស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី ណែនាំដល់ពលករខ្មែ ប្រសិនបើមានអាការៈ ក្តៅខ្លួន ក្អក ឈឺបំពងក ហៀរសំបោរ ដកដង្ហើមថប់ ត្រូវទៅពិនិត្យនិងព្យាបាលសុខភាព ខណៈដែល ម៉ាឡេស៊ីប្រកាសមិនយកថ្លៃ ទោះបីជាពុំមានឯកសារស្នាក់នៅស្របច្បាប់ក៏ដោយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសម៉ាឡេស៊ីបានឱ្យដឹងថា ក្នុងអំឡុងពេលអនុវត្តបទបញ្ជារឹងបន្តឹងការធ្វើដំណើរនេះ អាជ្ញាធរម៉ាឡេស៊ី មិនចាប់ ឬឃាត់ខ្លួនជនទាំងឡាយណា ដែលសង្ស័យថាកើតជំងឺ COVID-19 រួមទាំងអ្នកដែលបានជូនអ្នកជំងឺទៅមន្ទីរពេទ្យ ហើយរាល់ការពិនិត្យនិងព្យាបាល សុខភាពគឺឥតគិតថ្លៃនោះទេ។ ចំពោះការស្នាក់នៅដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី អាជ្ញាធរ ពុំមានការលើកលែងទោសទេ ប៉ុន្តែនឹងពិនិត្យមើលតាមករណីចាំបាច់ជាក់ស្តែងនីមួយៗ។
ស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី សូមអំពាវនាវជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ប្រកាន់ខ្ជាប់ការថែរក្សាអនាម័យផ្ទាល់ខ្លួនឱ្យបានខ្ជាប់ខ្ជូន ដោយត្រូវលាងដៃនឹងសាប៊ូ ឬទឹកអាល់កុល អនាម័យឱ្យបានញឹកញាប់ ពាក់ម៉ាស់ការពារនៅពេលចាំបាច់ ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១ម៉ែត្រ ក្នុងចំណោមមនុស្សនៅកន្លែងផ្សារសាធារណៈ និងមិនត្រូធ្វើដំណើរទៅកាន់ទីកន្លែងដែលមានមនុស្សច្រើនកុះករ ឬទីកន្លែងដែលអាជ្ញាធរម៉ាឡេស៊ី បានហាមឃាត់ជាបណ្តុះអាសន្ន។