ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅអ៊ីតាលីកើនឡើងដល់ជិត ៥,៥០០នាក់

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង

ពេលនេះអ៊ីតាលីក្លាយជាប្រទេសដែលមានអ្នកស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេនៅលើពិភពលោកដែលមានរហូតដល់ ៥,៤៧៦នាក់ បន្ទាប់ពីមានការរាយការណ៍ករណីស្លាប់ចំនួន ៦៥១ នាក់ បន្ថែមទៀតកាលពីថ្ងៃអាទិត្យ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃ ទី ២៣ ខែ មីនា ឆ្នាំ ២០២០។

លោក អ៊ែនជែឡូ បូររែលលី (Angelo Borrelli) មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអ៊ីតាលីទទួលបន្ទុកជាប្រធានផ្នែកការពារជនស៊ីវិលបានឲ្យដឹងថា ករណីឆ្លងសរុបនៃ COVID-19 ក៏បានកើនឡើងដល់ ៥៩,១៣៨នាក់នៅទូទាំងប្រទេសផងដែរ ប៉ុន្តែលោកបានអះអាងថា តួលេខដែលប្រកាសនេះមានការធ្លាក់ចុះហើយសង្ឃឹមថាវានៅតែបន្តចុះទាបបន្ថែមទៀត។
សូមបញ្ជាក់ថា ប្រទេសអ៊ីតាលីបានប្រកាសបិទទ្វារប្រទេស កាលពីថ្ងៃទី០៨ ខែមីនា កន្លងទៅនេះ ខណៈស្ថានការណ៍ឆ្លងរាលដាល COVID-19 មានសភាពកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតអាជ្ញាធរក៏បានបិទសួនច្បារសាធារណៈទាំងអស់ បូករួមទាំងទីកន្លែងកម្សាន្តជាលក្ខណៈបើកចំហនានា ដើម្បីបង្កើនការទប់ស្កាត់បន្ថែមទៀត ចំពោះការឆ្លងរាលដាលដ៏អាក្រក់នៃជំងឺ COVID-19 ដែលប្រទេសអឺរ៉ុបមួយនេះ កំពុងទទួលរងគ្រោះខ្លាំងជាងគេបំផុតនៅលើពិភពលោក៕
ប្រភព៖សារព័ត៌មាន Channel News Asia