ទីក្រុងបាងកកចេញបញ្ជាឱ្យបិទផ្សារទំនើប និងផ្សារនានាដើម្បីបង្ការជំងឺ COVID-19

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ — អភិបាលក្រុងបាងកក លោក Asawin Kwanmuang បានប្រកាសបិទផ្សារទំនើប ហាងលក់​ទំនិញ និងហាងថែរក្សាសម្ផស្សនៅក្នុងរាជធានី នៃប្រទេសថៃមួយនេះរយៈពេល ២២ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២០ ចំពេលដែលជំងឺរាតត្បាតកំពុងរីករាលដាលកាន់តែអាក្រក់ទៅៗ។

លោកអភិបាលបាននិយាយថា តំបន់លក់ចំណីអាហារ និងឱសថស្ថាននៅតាមផ្សារនានា មិនត្រូវបានរាប់បញ្ចូលពីការបិទនោះ​ទេ។ ភោជនីយដ្ឋាន និងអាហារដ្ឋានអាចផ្តល់ជូនភ្ញៀវនូវការខ្ចប់អាហារ ដោយមិនចាំបាច់អង្គុយទទួលទានអាហារនៅនឹងកន្លែងឡើយ ។

លោកបានអំពាវនាវឱ្យប្រជាជនកុំស្តុកទុកស្បៀងអាហារ និងផលិតផលប្រើប្រាស់ផ្សេងៗដោយភាពភ័យស្លន់ស្លោ ខណៈដែល​ភោជនីយដ្ឋាន និងតំបន់ដែលលក់ទំនិញចាំបាច់មួយចំនួននៅបើកដំណើរការជាធម្មតា។

រដ្ឋបាលក្រុងបាងកក (BMA) បានស្នើសុំឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ ដើម្បីជួយកាត់បន្ថយការរីករាលដាលនៃជំងឺ COVID-19។ វិធានការណ៍បង្ការ រួមមានការនៅឃ្លាតឆ្ងាយពីសង្គម ការធ្វើការងារពីផ្ទះ និងការបំបែកវេនការងារគ្នា។

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលថៃបានបញ្ជាឱ្យបិទកន្លែងកម្សាន្តនានា នៅក្នុងទីក្រុងបាងកកជា         បណ្តោះអាសន្ន។ កន្លែងងាយ​ទទួលរងការឆ្លង ដែលរួមមានរោងកុន ​រង្គសាល ​ហាងម៉ាស្សាបែបបុរាណ​កន្លែងហាត់ប្រាណ​ ទីលានវាយកូនហ្គោល​ កីឡដ្ឋានប្រដាល់ ​និងសង្វៀនជល់មាន់។ សាលារៀនទាំងអស់      ក៏ត្រូវបានបិទផងដែរ។

អ្នកនាំពាក្យក្រសួងសុខាភិបាលថៃ លោក Taweesin Wisanuyothin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រទេសថៃបានរាយការណ៍អំពីការឆ្លងមេរោគកូរ៉ូណាវីរុសថ្មីចំនួន ១៨៨ករណីនៅក្នុងថ្ងៃទី ២២ ខែមីនា ដែលជាចំនួនកើនឡើងប្រចាំថ្ងៃ​ខ្ពស់បំផុតរបស់ខ្លួន ដែលធ្វើឱ្យករណីសរុបកើនឡើងដល់ ៥៩៩ករណី។

លោកបាននិយាយថា ភាគច្រើននៃការឆ្លងថ្មីត្រូវបានផ្សារភ្ជាប់ទៅនឹងករណីមួយចំនួន ដែលកើតឡើងកាលពីមុនពីកីឡដ្ឋាន​ប្រដាល់។ លោកបាននិយាយបន្ថែមថា នៅក្នុងនោះអ្នកជំងឺម្នាក់បានជាសះស្បើយហើយ៕

( ប្រភព ​VNA បកប្រែដោយ លោក យា ចិន្តាខន្តី)