ឥណ្ឌូនេស៊ីរកឃើញអ្នកផ្ទុកជំងឺ COVID-19 ចំនួន ៦៤ ករណី និងអ្នកស្លាប់ចំនួន ១០នាក់ បន្ថែម​​​​ទៀត

វិទ្យុជាតិកម្ពុជា៖​​ លោក ភួុង ឈុនលាង

ប្រទេសឥណ្ឌូនេស៊ីបានរាយការណ៍ថា បានរកឃើញករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន ៦៤ ករណី ខណៈមានអ្នកស្លាប់ចំនួន ១០ នាក់បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកឆ្លងជំងឺនេះសរុបទូទាំងប្រទេសកើនឡើងដល់ ៥១៤ករណី និង បាត់បង់ជីវិតចំនួន៤៨នាក់។នេះយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃអាទិត្យ ទី ២២ ខែមីនា ឆ្នាំ ២០២០។

លោក Achmad Yurianto អ្នកនាំពាក្យក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបានឲ្យដឹងទៀតថា ទោះបីជាមានករណីឆ្លងថ្មីក៏ដោយ ប៉ុន្តែមកទល់នឹងពេលនេះមានអ្នកជំងឺ COVID-19 ដែលបានជាសះស្បើយបានកើនឡើងដល់ ២៩ នាក់ផងដែរ។

សូមបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីបានប្រែក្លាយភូមិអត្តពលកម្មដែលសង់សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីក្នុងឆ្នាំ២០១៨ ជាមន្ទីរពេទ្យបន្ទាន់មួយដែលអាចទទួលអ្នកជំងឺបានជាង៤,០០០នាក់សម្រាប់ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19 ខណៈមានករណីឆ្លងថ្មីកាន់តែច្រើនឡើង នៅក្នុងប្រទេសសមាជិកអាស៊ានមួយនេះ៕

ប្រភព៖សារព័ត៌មាន Channel News Asia