រដ្ឋបាល​រាជធានីភ្នំពេញ​ ច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិតតាមបណ្តាញសង្គមដែលថា អាជ្ញាធរនឹងបិទមិនឱ្យជនបរទេសចរាចរនៅក្នុងតំបន់បឹងកេងកង

វិទ្យុជាតិកម្ពុជា​៖​

លោក ម៉េត មាសភក្តីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ថាគ្មានករណីបិទមិនឱ្យជនបរទេសចរាចរណ៍នៅក្នុងតំបន់បឹងកេងកងឡើយហើយ ច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិតតាមបណ្តាញសង្គមជុំវិញបញ្ហានេះ។

លោក ម៉េត មាសភក្តី នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ បានចេញមកច្រានចោលចំពោះការផ្សព្វផ្សាយតាមបណ្តាញសង្គម(Messenger & Telegram) ដែលថា អាជ្ញាធរនឹងបិទមិនឱ្យជនបរទេសធ្វើចរាចរ នៅក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

លោកបានឱ្យដឹងថា អាជ្ញាធរគ្មានហេតុផលណាមួយ ដែលត្រូវបិទខណ្ឌបឹងកេងកង ឬភូមិ សង្កាត់ ខណ្ឌណាណាមួយក្នុងរាជធានីភ្នំពេញឡើយ។ ការផ្សព្វផ្សាយព័ត៌មានបែបនេះគឺជាដំណឹងមិនពិតទាល់តែសោះ។

ប្រតិកម្មរបស់អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឡើងបន្ទាប់ពីមានបណ្តាញសង្គម បានចែករំលែកនូវព័ត៌មានប្រឌិតមួយថាខណ្ឌបឹងកេងកងត្រូវបានអាជ្ញាធរបិទមិនឱ្យជនបរទេសធ្វើចរាចរណ៍ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ខណៈដែលមានមនុស្សផ្ទុកជំងឺខូវីតកើតឡើងជាប្តបន្ទាប់ នៅក្នុងប្រទេសកម្ពុជា។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបន្តថា ក្រសួងសុខាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការព្យាបាលអ្នកជំងឺកូវីដ ហើយរដ្ឋបាលរាជធានីភ្នំពេញ បានសហការយ៉ាងពេញទំហឹង ដើម្បីជួយដល់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងកូវីដ១៩នេះ។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំជឿ និងកុំចែកចាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ឬមិនមានស្ថាប័នច្បាស់លាស់ ពាក់ព័ន្ធនឹងកូវីដ១៩នេះ ហើយអាជ្ញាធរ នឹងចាត់វិធានការស្រាវជ្រាវរកប្រភពនៃជនដែលប្រឌិតព័ត៌មានដើម្បីចែកចាយតាមបណ្តាញសង្គមបង្កឱ្យមានការភាន់ច្រឡំ ឬចលាចលនេះ៕