ឯកឧត្តម អូស្មាន ហាស្សាន់ បានអះអាងថា ពលរដ្ឋខ្មែរទាំង៧៩នាក់មកពីប្រទេសម៉ាលេស៊ី ព្រមទាំងក្រុមគ្រួសារ​ បានទៅធ្វើតេស្តរួចរាល់អស់ហើយ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ 21.03.2020៖

ឯកឧត្តម អូស្មាន ហាស្សាន់ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានអះអាងថា ពលរដ្ឋខ្មែរទាំង៧៩នាក់មកពីប្រទេសម៉ាលេស៊ីបានទៅធ្វើតេស្តស្វែងរកវីរុសខូវីដ១៩រួចរាល់អស់ហើយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីផលប៉ះពាល់ដោយសារវីរុសកូវីដ១៩ មកលើសហគមន៍ខ្មែរឥស្លាមនៅកម្ពុជា នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ  ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានបញ្ជាក់ថា ពលរដ្ឋខ្មែរ ដែលចេញពីខេត្ត រាជធានីទាំង៩ បានទៅចូលរួម ពិធីបុណ្យសាសនា នៅប្រទេសម៉ាឡេស៊ី មានចំនួន៧៩នាក់ បានទៅធ្វើតេស្តរកមេរោគខូវីដ១៩ រួចរាល់ហើយ ខណៈក្នុងចំណោមទាំង៧៩នាក់ គឺ មាន២៣នាក់ ធ្វើតេស្តមានវិជ្ជាមានខូវីដ១៩។ 

ឯកឧត្តមបានបន្តថា ចំពោះអ្នកដែលបានធ្វើតេស្តរួច អវិជ្ជាមាន ក៏មន្ទីរសុខាភិបាលនានា បានយកចិត្តទុកដាក់ខ្ពស់នឹងបន្តតាមដានសុខភាពរបស់ពួកគាត់ ដោយដាក់ឲ្យពួកគាត់នៅដាច់ដោយឡែក ដើម្បីការពារ ការចម្លងទៅអ្នកដ៏ទៃទៀត។ ដូច្នោះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំមានការព្រួយបារម្ភឡើយ។

សូមបងប្អូនកុំបារម្ភ ចំពោះប្រជាពលរដ្ឋ ទាំង៧៩នាក់នោះ  ព្រោះយើងមិនបានប្រមូលគាត់ ហើយមិនអនុញ្ញាត ឲ្យពួកគាត់ដើរទៅនេះ ឬទៅនោះ ដែលធ្វើឲ្យប្រជាពលរដ្ឋ ចំនួនមានការភ័យខ្លាច។ ហើយអ្នកដែលបានឆ្លងទាំង ២៣នាក់នោះ គឺពួកគាត់ ត្រូវបាន សម្រាកព្យាបាលនៅមន្ទីរពេទ្យនានា ដោយមានការយកចិត្តទុកដាក់បំផុត ពីក្រសួងសុខាភិបាល។ ហើយក្នុងចំណោមអ្នកទាំង ២៣នាក់ដែលបានឆ្លងនោះ យើងក៏បានយកក្រុមគ្រួសាររបស់ពួកគាត់ទៅធ្វើតេស្តទាំងប្រពន្ធនិងកូន និងអ្នកដែលបានប្រស្រ័យទាក់ទង  ប្រមាណជាង ៣០០នាក់ ដែលក្នុងចំណោមអ្នកទាំងនោះមាន៥នាក់បានឆ្លង។ 

ឯកឧត្តមបានបញ្ជាក់ថា ពលរដ្ឋខ្មែរដែលបានរកឃើញមានវីរុសខូវីដ១៩នេះ គឺមានសុខភាពល្អជាធម្មតា ក្រោមការយកចិត្តទុកដាក់ព្យាបាលយ៉ាងត្រឹមត្រូវ ពីក្រុមគ្រូពេទ្យជំនាញ និងតាមនិយាមរបស់អង្គការសុខភាពពិភពលោក។

ឯកឧត្តមបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ សូមកុំរើសអើសចំពោះអ្នកជម្ងឺឆ្លងវីរុសខូវីដ១៩ ហើយត្រូវមានការរួមសាមគ្គីគ្នា ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសខូវីដ-១៩ នៅទូទំាងប្រទេស ៕