ក្រសួងសុខាភិបាលបន្តអំពាវប្រជាពលរដ្ឋកុំឲ្យមានការរើសអើងចំពោះអ្នកឆ្លងខូវីដ១៩

វិទ្យុជាតិកម្ពុជាអត្ថបទ៖ សុភា វិសិទ្ធិពង្ស ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០៖

ក្រសួងសុខាភិបាលបន្តអំពាវប្រជាពលរដ្ឋកុំឲ្យមានការរើសអើងចំពោះអ្នកឆ្លងខូវីដ១៩ដើម្បីកុំអោយពួកគាត់មានការបាក់ទឹកចត្ត ហើយប្រជាពលរដ្ឋទំាងអស់ត្រូវនាំគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះជាមួយគ្នា ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ប្រជាជនកម្ពុជាយើងទាំងអស់មិនត្រូវមានការរើសអើងដល់អ្នកដែលបានឆ្លងជំងឺឆ្លងខូវីដ១៩នេះនោះទេ ដើម្បីលើកទឹកចិត្តដល់ពួកគាត់អោយត្រូវតស៊ូនឹងជំងឺមួយនេះ ហើយពួកយើងនឹងចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះរួមគ្នា ។
លោកជំទាវបានបន្តអំពាវពាវនាវបែបនេះ ដោយសារតែបច្ចុប្បន្នមានប្រជាពលរដ្ឋកម្ពុជាមួយចំនួន បានឆ្លងជំងឺខូវីដ១៩ ដែលនាំអោយប្រជាពលរដ្ឋទាំងអស់នៅ ខេត្តនិងក្រុង មានការភ័យព្រួយបារម្ភចំពោះរឿងនេះ។ ប៉ុន្តែលោកជំទាវបានបញ្ជាក់ថា ការភ័យខ្លាចជ្រុលហួសហេតុពេក រួមជាមួយនឹងការរើសអើងអ្នកជំងឺ ពុំមែនជាជម្រើសល្អឡើយ ដូច្នេះប្រជាពលរដ្ឋត្រូវតែបង្កើនការ ធ្វើអនាម័យអោយបានជាប់ជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល លាងដៃអោយបានស្អាត ហូបស្អាត ទើបការពារខ្លួនមិនអោយឆ្លងជម្ងឺនេះបាន ។
សម្លេង « សុំកុំឲ្យមានការរើសអើងជម្ងឺនេះគឺសំខាន់ណាស់ ជាទូទៅនៅលើសកលលោកយើងនេះយើងសង្កេតឃើញហើយសូម្បីតែនៅប្រទេសអង់គ្លេសការរើសអើងកាន់តែមានសភាពចេញទៅតាមប្រទេសនីមួយ ។ ដោយឡែក នៅព្រះរាជាណាចក្រកម្ពុជាយើង បានអំពាវនាវដល់បងប្អូនយើងទាំងអស់សុំមេត្តាកុំឲ្យមានការរើសអើង យើងត្រូវគិតថាបងប្អូនដែលគាត់មានវិជ្ជមានវីរុសខូវីដ១៩នេះក៏មិនចង់ឱ្យមានដែរប៉ុន្តែវាជាលក្ខណៈមួយដែលកើតឡើងទៅហើយដូច្នេះវិធានការគេមានតែមួយទេគឺយើងចូលរួមទាំងអស់គ្នាដើម្បីទប់ស្កាត់ អ្នកដែលមានហើយគឺកុំឲ្យចម្លងទៅអ្នកដទៃ អ្នកដែលមិនទាន់មានគឺត្រូវខិតខំការពារកុំឱ្យមានជម្ងឺហ្នឹងគឺជាចំណុចសំខាន់ ហើយត្រូវតែចេះចូលរួម ធ្វើម៉េចកាត់ផ្ដាច់កុំឱ្យមានការចម្លងពីបុគ្គលដែលមានចូលទៅក្នុងសហគមន៍របស់យើង » ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បានអំពាវនាវជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់មេត្តាស្ដាប់ដំបូន្មាន និងការណែនាំរបស់ក្រុមគ្រូពេទ្យ ត្រូវចេះការពារខ្លួនឯង ហើយកុំចម្លងទៅអ្នកដទៃ ។
សូមបញ្ជាក់ថា គិតត្រឹមយប់ ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២០ ក្រសួងសុខាភិបាលបានធ្វើសេចក្តីប្រកាសអំពីលទ្ធផលរកឃើញបុរសចំនួន ៤ នាក់បន្ថែមទៀតមាន វិជ្ជមានវីរុសខូវីដ១៩ ដោយសរុបទាំងអស់នៅកម្ពុជាមានចំនួន ៥១ នាក់ហើយ ៕