ក្រសួងអប់រំ ប្រកាសពន្យាពេលទទួលពាក្យសុំចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា៖ ស៊ឹង សុផារី 20,03,2020៖

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសពន្យាពេលទទួលពាក្យសុំចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៧ សីហា ឆ្នាំ២០២០ ចាប់ពីថ្ងៃជូនដំណឹងនេះដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19 ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈនិងឯកជន នៅទូទាំងប្រទេស ចាប់ផ្ដើមវិស្សមកាលតូចនិងការឈប់សម្រាកមុនកាលកំណត់ ប្រការនេះ ធ្វើឲ្យប៉ះពាល់ដល់ដំណើរការទទួលពាក្យសុំចុះឈ្មោះ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៧ សីហា ២០២០ ។
ប្រភពបានបន្តថា ហេតុនេះ ក្រសួងសូមធ្វើការកែសំរួលខ្លឹមសារ នៃសេចក្តីណែនាំ ចុះថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ ២០២០ ចំនួនពីរចំណុច រួមមាន៖
១.កាលបរិច្ឆេទនៃការទទួលពាក្យសុំចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៧ សីហា ២០២០ ត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ។
២.ការផ្ដល់សំណុំលិខិតចុះឈ្មោះប្រឡងមកនាយកដ្ឋានកិច្ចការប្រឡង សម្រាប់បេក្ខជនគ្រប់ប្រភេទទាំង Hard និង Soft Copy ត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ៕