ទូតគុយបាប្រចាំកម្ពុជាកោតសរសើរប្រទេសកម្ពុជាចំពោះទឹកចិត្តដ៏ល្អប្រពៃ និងគួរយកជាគំរូតាម

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២០ មីនា ២០២០៖

ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋគុយបា ប្រចាំកម្ពុជា បានសំដែងនូវការបានកោតសរសើរចំពោះ ប្រទេសកម្ពុជា ដែលបានអនុញ្ញាតអោយ នាវាទេសចរណ៍ខ្នាត យក្សរបស់ សហរដ្ឋអាមេរិក Westerdam ចូលចត ដែលសកម្មភាពមនុស្សធម៌ដ៏ប្រទៃ និងគួរយកជាគំរូតាម។
លោកជំទាវ Liurk Rodinguez ឯកអគ្គរដ្ឋទូត សាធារណៈរដ្ឋគុយបា ប្រចាំកម្ពុជាបាន ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញចូលជួបសម្តែងការគួរជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នាទីស្តីការក្រសួងព័ត៌មាន។
ក្នុងឱកាសនោះលោកជំទាវ Liurk Rodinguez ឯកអគ្គរដ្ឋទូត សាធារណៈរដ្ឋគុយបា ប្រចាំកម្ពុជា បានសំដែងនូវការអរគុណ យ៉ាងជ្រាល ជ្រៅចំពោះប្រទេសកម្ពុជា ដែលបានអនុញ្ញាតអោយ នាវាទេសចរណ៏ខ្នាត យក្សរបស់ សហរដ្ឋអាមេរិក Westerdam ដែលមានផ្ទុកមនុស្សជាង២០០០នាក់ភាគច្រើនជាជនជាតិអាមេរិកនិងអឺរ៉ុប ចូលចតនៅកំពង់ផែ ខេត្តព្រះស៊ីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងមកនេះ។ ក្រោយពីមានការ បដិសេដពីបណ្តាប្រទេស និងកោះចំនួន៦ មិនអោយចូលចត ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្ស រាប់ពាន់នាក់ នៅលើនាវានោះ អាចមានផ្ទុក វីរុស (Covid-19)។
លោកជំទាវ ឯកអគ្គរដ្ឋទូតគុយបា បានចាត់ទុកថាសកម្មភាព មនុស្សធម៍របស់កម្ពុជា កន្លងមកនេះ គឺជាគំរូដ៏ល្អដែលប្រទេសគុយបា រៀនធ្វើតាម ដោយពេលថ្មីៗនេះ គុយបា បានអនុញ្ញាតអោយកាប៉ាល់ មួយចូលចត ដែលមានផ្ទុកអ្នកកើតជំងឺកូវីត១៩ ចំនួន៥នាក់ តែបានធ្វើការពិនិត្យព្យាបាល បានជាសះស្បើយ នឹងត្រឡប់ទៅប្រទេសកំណើតគេវិញហើយដែរ។
លោកជំទាវ ឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមកនេះ លោកជំទាវបានតាមដានសភាពការណ៍ទូទៅនៃការគ្រប់គ្រងរបស់ប្រទេសកម្ពុជា ពាក់ពន្ធ័បញ្ហាជំងឺ កូវីត១៩ ដែលជាគំរូដ៏ល្អដែលប្រទេសគុយបា អនុវត្តន៏តាមលើការគ្រប់គ្រងនេះ។ លោកជំទាវសង្ឃឹមថា នៅពេលការឆ្លងរីករាលដាល នៃជំងឺកូវីត១៩នេះ បានបាត់ទៅ ប្រទេសគុយបា នឹងមានកិត្តិយស គោរពអញ្ជើញសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅទស្សនកិច្ចជាផ្លូវការ នៅប្រទសគុយបា ។ នៅក្នុងឱកាសនោះដែរ លោកជំទាវ ឯកអគ្គរដ្ឋទូតគុយបា បានសំដែងនូវការ រីករាយដែលបានមកបំពេញបេសកកម្មការងារការទូតនៅកម្ពុជា ហើយក្នុងរយៈពេលប៉ុន្មានខែ ដែលបានមកកាន់ប្រទេសកម្ពុជា គឺមានអារម្មណ៍ដូចជាបងប្អូន ជាមួយប្រជាជនកម្ពុជា ផងដែរ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានសំដែងនូវការស្វាគមន៍ ចំពោះបេសកកម្មការងារ ការទូតរបស់លោកជំទាវ Liurk Rodinguez នៅក្នុងប្រទេសកម្ពុជា នឹងបានជូនពរអោយ លោកជំទាវ ទទួលបានជោគជ័យ ក្នុងអណត្តិបេសកកម្មការទូត នៃប្រទេសគុយបាប្រចាំកម្ពុជា។ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា កន្លងមកកម្ពុជាអរគុណប្រទេសគុយបា នៅក្នុងអតីតកាល ប៉ុន្តែឥឡូវគុយបា អរគុណកម្ពុជាក្នុងពេលបច្ចុប្បន្ន។
សូមបញ្ជាក់ថា ពាក់ពន្ធ័ទៅនឹងបញ្ហានៃមេរោគ កូវីត ១៩ នេះដែរ លោកជំទាវ Liurk Rodinguez បានជម្រាបថា នៅប្រទេសគុយបា មានអ្នកឆ្លងជំងឺនេះ ចំនួន១៦នាក់ ក្នុងនោះជនជាតិគុយបា២នាក់ ក្រៅពីនោះជាជនជាតិបរទេស ហើយមានម្នាក់បានស្លាប់ដោយសារជំងឺកូវីត១៩៕