ក្រសួងសង្គមកិច្ច ប្រកាសណែនាំដល់សមាគមអង្គការជាតិ-អន្តរជាតិ ទទួលគម្រោងមើលថែទាំកុមារតាមមណ្ឌលនិងសហគមន៍ ស្តីពីការអនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺកូវីត១៩

វិទ្យុជាតិកម្ពុជា៖ ដោយ ស្រីផល 20,03,2020៖

ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ប្រកាសណែនាំដល់សមាគមអង្គការជាតិ-អន្តរជាតិ ទទួលគម្រោងមើលថែទាំកុមារតាមមណ្ឌលនិងសហគមន៍ ស្តីពីការអនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺកូវីត១៩។
យោងតាមសេចក្តីណែនាំ របស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានឲ្យដឹងថា ផ្អែកតាមរបាយការណ៍ស្ថានភាពរាតត្បាត នៃវីរុសកូវីត១៩ របស់អង្គការសុខភាពពិភពលោក ព្រមទាំងរកឃើញជាបន្តបន្ទាប់នូវវិជ្ជមានវីរុសកូវីដ១៩ លើជនជាតិខ្មែរ និងបរទេស ធ្វើដំណើរចូលមកកម្ពុជា ដូចនេះរាជរដ្ឋាភិបាលកម្ពុជា តម្រូវឲ្យមានវិធានការបង្ការ និងទប់ស្កាត់ជាបន្ទាន់។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមធ្វើការណែនាំដល់ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបាននិងកំពុងផ្តល់សេវាកុមារ និងសហគមន៍ (រួមទាំងកន្លែងថែទាំកុមារពេលថ្ងៃ និងពេលយប់),ចំពោះការថែទាំកុមារ ត្រូវផ្អាកបណ្តោះអាសន្ន ចំពោះការទទួលកុមារមកថែទាំ ចាប់ពីថ្ងៃទទួលបានសេចក្តីណែនាំនេះ រហូតមានការជូនដំណឹងជាថ្មី។ចៀសវាងការជួបជុំ ឬប្រមូលផ្តុំ ដើម្បីបង្រៀនបំប៉នបន្ថែមក្រៅម៉ោងដល់កុមាររងគ្រោះ និងងាយរងគ្រោះ តែត្រូវលើកទឹកចិត្តឱ្យកុមារប្រឹងរៀនបន្ត នៅក្នុងកន្លែងថែទាំ ឬតាមសហគមន៍ ដូចការណែនាំរបស់ យុវជន និងកីឡា។ចំពោះម្ចាស់ជំនួយ ឬជនបរទេសស្ម័គ្រចិត្ត ឬសប្បុរសជន ដែលមានបំណងចុះសួរសុខទុក្ខ កុមារនៅតាមមណ្ឌល ឬនៅតាមសហគមន៍ទាំងអស់ ត្រូវផ្អាកសកម្មភាពជាបណ្តោះអាសន្ន ដើម្បីចៀសវាងការចម្លង (COVID-19) ជាយថាហេតុ។បុគ្គលិកសង្គមត្រូវផ្តល់សេវាសង្គមកិច្ច សម្រាប់កុមារនៅតាមផ្ទះ ក្នុងសមាគមន៍តាមលទ្ធភាពដែលអង្គការ ឬសមាគមអាចផ្តល់បាន ជាពិសេសសេវាអប់រំផ្លូវចិត្ត ដែលមានការភ័យខ្លាចតក់ស្លុត ឬទទួលផលប៉ះពាល់ពីវីរុសកូវីត១៩។ ត្រូវរៀបចំអាកុល និងកន្លែងលាងដៃឱ្យបានគ្រប់គ្រាន់ ហើយអប់រំកុមារ ឲ្យបានយល់ដឹងអំពីសារៈសំខាន់ និងរបៀបនៃការលាងដៃឱ្យបានត្រឹមត្រូវ ព្រមទាំងអនុវត្តពីវិធីកាត់បន្ថយហានិភ័យកូវីត១៩ ។
ចំពោះ អ្នកថែទាំកុមារត្រូវជំរុញឱ្យមានការរក្សាកុមារ នៅតាមមណ្ឌល ផ្ទះ ឬសហគមន៍ ចៀសវាងយកកុមារ ទៅកន្លែងដែលប្រឈមខ្ពស់ ដូចជា កន្លែងហាត់ប្រាណ សួនកុមារ និងកន្លែងផ្សេងៗ ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសកូវីត១៩។ផ្តល់ព័ត៌មាន ឬបញ្ជូនកុមារដែលសង្ស័យថា មានផ្ទុកវីរុសកូវីដ១៩ ទៅមណ្ឌលសុខភាព ដែលនៅជិត ឬមន្ទីរសុខាភិបាល និងមន្ទីររាជធានី-ខេត្ត។ ត្រូវអនុវត្តវិធានការត្រៀមបង្ការ និងទប់ស្កាត់ពីការចម្លងវីរុសកូវីដ១៩ ពីអ្នកដទៃ មកខ្លួនឯង និងពីខ្លួនឯង ទៅអ្នកដទៃ ដោយផ្អែកតាមការណែនាំរបស់ក្រសួងសុខាភិបាល។