ជើងហោះហើរ ៣បន្ថែមទៀតដែលមានអ្នកដំណើរ ផ្ទុកជំងឺ COVID-19 ត្រូវបានប្រកាស

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០​ — កាលពីរសៀលថ្ងៃទី១៩ ខែមីនា ក្រសួងសុខភាពសាធារណៈវៀតណាមបានប្រកាសថា មានជើងហោះហើរចំនួន ៣បន្ថែមទៀតដែលដឹកអ្នកដំណើរដែលបន្ទាប់មកបានធ្វើតេស្តវិជ្ជមាន ចំពោះមេរោគកូរ៉ូណាវីរុស SARS-CoV-2 ។

ជើងហោះហើរទាំងនោះ រួមមានជើងហោះហើរលេខ EK392 របស់ក្រុមហ៊ុនអាកាសចរណ៍ Emirate Airlines ដែលធ្វើដំណើរ​ចេញពីទីក្រុងឌូបៃ ទៅទីក្រុងហូជីមិញ កាលពីថ្ងៃទី១៥ ខែមីនា ជើងហោះហើរលេខ VJ642 របស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ដែលចេញពីទីក្រុងហូជីមិញទៅទីក្រុងដាណាង កាលពីថ្ងៃទី១២ ខែមីនា និងជើងហោះហើរលេខ TK162 របស់ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ដែលចេញពីទីក្រុងអ៊ីស្តង់ប៊ុល ទៅទីក្រុងហូជីមិញ កាលពីថ្ងៃទី១០ ខែមីនា។

ក្រសួងនេះបានអំពាវនាវដល់អ្នកដំណើរទាំងអស់ ដែលធ្វើដំណើរលើជើងហោះហើរទាំងនេះឱ្យទាក់ទងមកមជ្ឈមណ្ឌលត្រួត​ពិនិត្យជំងឺនៅតាមក្រុង និងខេត្តជាបន្ទាន់ ដើម្បីទទួលបានការណែនាំស្តីពីការត្រួតពិនិត្យសុខភាព។

ភ្នាក់ងារលក់សំបុត្រសម្រាប់ជើងហោះហើរទាំងអស់ ត្រូវទទួលខុសត្រូវក្នុងការជូនដំណឹងដល់អ្នកដំណើររបស់ពួកគេ។

គិតត្រឹមយប់ថ្ងៃទី១៨ ខែមីនា ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងចំនួន ៧៦ករណី ដែលក្នុងនោះមាន ១៦ករណី បានព្យាបាលជាសះស្បើយឡើងវិញ៕

(ប្រភព ​VNA បកប្រែដោយ លោក យា ចិន្តាខន្តី)