កម្ពុជា-វៀតណាមសម្រួលការដោះដូរទំនិញទៅវិញទៅមកនៅច្រកត្រពាំងផ្លុងមានភាពងាយស្រួលឡើងវិញ

វិទ្យុជាតិកម្ពុជា៖ 

កម្ពុជា-វៀតណាមសម្រួលការដោះដូរទំនិញទៅវិញទៅមកនៅច្រកត្រពាំងផ្លុងមានភាពងាយស្រួលឡើងវិញ ខណៈរយៈពេល២ថ្ងៃដែលប្រទេសវៀតណាមបិទព្រំដែន មានរថយន្ដដឹកទំនិញជិត៤០០គ្រឿង ជាប់គាំង ស្របពេលដែលច្រកព្រំដែនផ្សេងៗមានភាពរលូនក្នុងការផ្លាស់ប្តូរទំនិញ ។

សម្ដេចក្រឡាហោម ស ខេង បានអះអាងថា រហូតមកដល់ពេលនេះ ភាគីកម្ពុជា-វៀតណាមកំពុងបើកកិច្ចប្រជុំរួមគ្នាដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាទំាងនេះ ហើយរហូតមកដល់ពេលនេះ ដំណើរការល្អឡើងវិញហើយ ពោលអាចដឹកទំនិញចេញចូលដូចធម្មតា។

សម្តេចក្រឡាហោមបញ្ជាក់ថា ការកក់ស្ទះរថយន្តដឹកទំនិញប៉ុន្មានថ្ងៃមកនេះខណៈច្រកព្រំដែន 

ដោយសារតែខាងភាគីវៀតណាមបានបិទច្រកមិនឲ្យមានការចេញចូល ដើម្បីទប់ស្កាត់ការរីករាលដាលវីរុស COVID-19។ 

«មកដល់ពេលនេះ ការដឹកជញ្ជូនទំនិញតាមច្រកផ្លូវគោកទាំងអស់ជាមួយវៀតណាម នៅរក្សាជាប្រក្រតីនៅឡើយទេ។ តែមានបញ្ហាបន្ដិចនៅខាងត្រពាំងផ្លុង ជាមួយខេត្តតៃនិញ ដោយសារខាងវៀតណាមគាត់មិនឲ្យចូលឡានដឹកទំនិញយើង បើតាមដឹងប្រហែលជាង៣០០ ជិត៤០០គ្រឿងនៅកកស្ទះ ប៉ុន្ដែមកដល់ពេលនេះបានដោះស្រាយជាបណ្ដើរៗហើយ តាមរយៈការជួបប្រជុំ»។

សូមបញ្ជាក់ថា កិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម ដើម្បីដោះស្រាយបញ្ហាដោះដូរទំនិញ ត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ដែលខាងភាគីកម្ពុជាដឹកនាំដោយឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អមដោយសមត្ថកិច្ចពាក់ព័ន្ធ នៃច្រកទ្វារព្រំដែនអន្តរជាតិបាវិត រួមជាមួយសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា និងប្រតិភូតំណាងភាគីវៀតណាម ដឹកនាំដោយលោកអភិបាលរងខេត្តតៃនិញ អមដោយលោកអនុប្រធាននាយកដ្ឋានគយខេត្តតៃនិញ និងសមត្ថកិច្ចពាក់ព័ន្ធនៃច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបៃ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានចេញលិខិតមួយ បង្គាប់ទៅអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឲ្យផ្អាកជាបណ្ដោះអាសន្ន នូវការធ្វើដំណើរចេញចូលប្រទេសរបស់ប្រជាពលរដ្ឋកម្ពុជា ទៅកាន់ប្រទេសវៀតណាម និងការធ្វើដំណើរចូលប្រទេសកម្ពុជារបស់ពលរដ្ឋវៀតណាម៕