រយៈពេល2ថ្ងៃដែលប្រទេសវៀតណាមបិតព្រំដែន មានរថយន្ដដឹកទំនិញជិត៤០០គ្រឿង ជាប់គាំងនៅច្រកត្រពាំងផ្លុង ខណៈច្រកព្រំដែនផ្សេងៗមានភាពរលូតក្នុងការផ្លាស់ប្តូរទំនិញ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ អ៊ូ​ កាណែល​៖

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា រថយន្ដដឹកទំនិញ ជិត៤០០គ្រឿង បានជាប់គាំងនៅច្រកទ្វារព្រំដែនត្រពាំងផ្លុង ខណៈច្រកព្រំដែនផ្សេងៗ នផ្លាស់ប្តូរទំនិញគ្នា​ទៅវិញទៅមក 

ដោយសារតែខាងភាគីវៀតណាមបិទច្រកមិនឲ្យមានការចេញចូល ដើម្បីទប់ស្កាត់ការរីករាលដាលវីរុស COVID-19។ សូមរំលឹកថា ប្រទេសវៀតបានបិតច្រកព្រំដែនមិនឲ្យប្រជាពលរដ្ឋកម្ពុជាឆ្លងដែននោះទេនៅយប់ថ្ងៃទី 18 ខែមិនា ។ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា រហូតមកដល់ពេលនេះ ភាគីកម្ពុជា-វៀតណាម ដើម្បីបើកកិច្ចប្រជុំរួមគ្នាដើម្បីស្វែងរកដំណោះស្រាយលើបញ្ហានេះ ហើយរហូតមកដល់ពេលនេះ ដំណើរការល្អឡើងវិញហើយ ពោលអាចដឹកទំនិញចេញចូលដូចធម្មតា។

Clips «មកដល់ពេលនេះ ការដឹកជញ្ជូនទំនិញតាមច្រកផ្លូវគោកទាំងអស់ជាមួយវៀតណាម នៅរក្សាជាប្រក្រតីនៅឡើយទេ។ តែមានបញ្ហាបន្ដិចនៅខាងត្រពាំងផ្លុង ជាមួយខេត្តតៃនិញ ដោយសារខាងវៀតណាមគាត់មិនឲ្យចូលឡានដឹកទំនិញយើង បើតាមដឹងប្រហែលជាង៣០០ ជិត៤០០គ្រឿងនៅកកស្ទះ ប៉ុន្ដែមកដល់ពេលនេះបានដោះស្រាយជាបណ្ដើរៗហើយ តាមរយៈការជួបប្រជុំ»។

 នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០កម្ពុជា-វៀតណាម បានបើកកិច្ចប្រជុំរួមគ្នាមួយ ដើម្បីដោះស្រាយបញ្ហាដោះដូរទំនិញ ដែលខាងភាគីកម្ពុជា ដឹកនាំដោយប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងឯ/ឧម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងប្រតិភូតំណាងភាគី វៀតណាម ដឹកនាំដោយលោកអភិបាលរងខេត្តតៃនិញ អមដោយលោកអនុប្រធាននាយកដ្ឋានគយខេត្តតៃនិញ និងសមត្ថកិច្ចពាក់ព័ន្ធ នៃច្រកទ្វារព្រំដែនអន្តរជាតិនៃខេត្តទាំង2 ។

អង្គប្រជុំបានឯកភាពសម្រេចអនុវត្ត ដំណោះស្រាយចំពោះមុខចំនួន០៤ចំណុច ដូចតទៅ ៖

* ទី១៖ អនុញ្ញាតឲ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយធ្វើការផ្លាស់ប្តូរអ្នកបើកបរ។

* ទី២៖ អនុញ្ញាតឲ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយប្តូរក្បាលឡានសណ្តោង។

* ទី៣៖ អនុញ្ញាតឲ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយធ្វើការផ្ទេរទំនិញ ឬលើកផ្ទេរកុងតែន័រពីរថយន្តភាគីម្ខាង ទៅដាក់លើរថយន្តភាគីម្ខាងទៀត។

* ទី៤៖ អនុញ្ញាតឲ្យរថយន្តដឹកទំនិញពីភាគីវៀតណាម ចូលដល់ផែស្ងួតណាមួយនៅក្បែរព្រំដែន រួចផ្ទេរទំនិញចេញ និងអាចផ្ទុកទំនិញដែលត្រូវនាំចេញ ពីកម្ពុជាទៅវិញ ដោយតម្រូវឲ្យអ្នកបើកបរត្រូវស្លៀកពាក់សម្លៀកបំពាក់សុវត្ថិភាពការពារ Virus ដែលអនុញ្ញាតដោយចត្តាឡីស័ក និង សូមឲ្យសមត្ថកិច្ចពាក់ព័ន្ធខាងកម្ពុជា ជួយសហការធានាថា អ្នកបើកបរមិនបានទៅណាខុសពីតម្រាយផ្លូវ និងទៅជួបប្រាស្រ័យទាក់ទងជាមួយអ្នកផ្សេង។

សូមរំលឹកថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ម្សិលមិញ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតមួយ បង្គាប់ទៅអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឲ្យផ្អាកជាបណ្ដោះអាសន្ន នូវការធ្វើដំណើរចេញចូលប្រទេសរបស់ប្រជាពលរដ្ឋកម្ពុជា ទៅកាន់ប្រទេសវៀតណាម និងការធ្វើដំណើរចូលប្រទេសកម្ពុជារបស់ពលរដ្ឋវៀតណាម៕